អន្តរជាតិ

Toyota ប្រកាសទិញរថយន្ត BZ4X SUV ត្រលប់មកវិញ ក្រោយទើបរកឃើញថា រថយន្តប្រភេទនេះមានបញ្ហាបច្ចេកទេសអាចធ្វើឲ្យកង់របូតចេញពីរថយន្ត ពេលបើកបរ

BY
Pheakdey
August 9, 2022

ក្រុមហ៊ុន Toyota បានចេញសេចក្តីព្រមានមួយទៅកាន់ក្រុមម្ចាស់រថយន្ត ដែលបានទិញរថយន្តដើរដោយថាមពលអគ្គិសនីប្រភេទ BZ4X SUV ពីក្រុមហ៊ុនខ្លួនឲ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ដ្បិតខាងក្រុមហ៊ុនទើបបានរកឃើញថា រថយន្តប្រភេទនេះមានបញ្ហាបច្ចេកមួយចំនួន ដែលអាចធ្វើឲ្យកង់រថយន្តត្រូវរបូតចេញពីរថយន្តទៀតផងបើទោះជាបើកបរក្នុងរយៈពេលខ្លីក៏ដោយ។

បើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន CNN បានឲ្យដឹងថា គិតត្រឹមពេលនេះខាងក្រុមហ៊ុន Toyota នៅមិនទាន់រកឃើញឫសគល់នៃបញ្ហាដែលជំរុញឲ្យមានបញ្ហាបច្ចេកទេសខាងលើនេះនៅឡើយទេ ខណៈក្រុមវិស្វករផលិតរថយន្តកំពុងពិនិត្យអំពីបញ្ហានេះយ៉ាងយកចិត្តទុកដាក់ជាថ្មីម្តងទៀត។

ដើម្បីឆ្លើយតបនឹងបញ្ហាចម្រូងចម្រាសខាងលើនេះ ក្រុមហ៊ុន Toyota បានសម្រេចផ្តល់ដំណោះស្រាយជាច្រើនជម្រើសទៅកាន់អតិថិជនរបស់ខ្លួនមានដូចជា ប្រមូលទិញរថយន្តប្រភេទ BZ4X SUV ត្រលប់មកវិញ ផ្តល់ប្រាក់ចំនួន ៥,០០០ដុល្លារទៅកាន់អតិថិជនតែអតិថិជនត្រូវផ្អាកប្រើប្រាស់រថយន្តមួយរយៈសិនរហូតដល់ខាងក្រុមហ៊ុនរកឃើញប្រភពនៃបញ្ហានិងអាចជួសជុលរថយន្តនោះឲ្យប្រើប្រាស់បានជាធម្មតាវិញ និងជម្រើសមួយទៀតអតិថិជនអាចអាចយករថយន្តប្រភេទ BZ4X SUV មកប្តូរយករថយន្តប្រភេទថ្មីផ្សេងទៀតបាន។

សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះនិងសម្រាប់នៅក្នុងទឹកដីអាមេរិកគឺមានអតិថិជនចំនួន ២៦០នាក់ហើយដែលបានទិញរថយន្តប្រភេទ BZ4X SUV​យកទៅប្រើប្រាស់ ខណៈមានអតិថិជនជាច្រើននាក់ផ្សេងទៀតបានបញ្ជាទិញរួចហើយតែនៅមិនទាន់ទទួលបានរថយន្តយកទៅប្រើប្រាស់៕

អត្ថបទ៖ ភក្តី

ប្រភព៖ CNN

Share This Post: