អន្តរជាតិ

ទីក្រុងសេអ៊ូលត្រូវជន់លិច ដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំង មិនធ្លាប់ជួបប្រទះពីមុន (មានវីដេអូ)

BY
Pheakdey
August 9, 2022

កូរ៉េខាងត្បូង៖ តំបន់សំខាន់ៗជាច្រើននៅក្នុងទីក្រុងសេអ៊ូលដែលជារដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូងត្រូវបានជន់លិចយ៉ាងខ្លាំងដោយជំនន់ទឹកភ្លៀង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃចន្ទ ទី៨​ ខែសីហានេះ។ តាមរយៈរូបភាពដែលគេបានផ្ដិតយកពីទិដ្ឋភាពនៃជំនន់ទឹកភ្លៀងនោះបានបង្ហាញថា មានរថយន្តជាច្រើនគ្រឿងត្រូវទឹកលិចដល់ដំបូលរថយន្ត ចរាចរណ៍ត្រូវកកស្ទះយ៉ាងយូរ ហើយនៅក្នុងស្ថានីយ៍ក្រោមដីមួយចំនួនគឺទឹកបានហូរយ៉ាងខ្លាំងតាមជណ្តើរចុះទៅជាន់ក្រោមតែម្តង។

បើតាមរដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងបានឲ្យដឹងថា ទីក្រុងសេអ៊ូលបានរងនូវទឹកភ្លៀងក្នុងកម្រិត ៩០,៥ មីលីម៉ែត្រកាលពីម៉ោង ៨យប់ (ម៉ោងនៅក្នុងប្រទេសកូរ៉េខាងត្បូង) នៃថ្ងៃចន្ទ ទី៨ ខែសីហាម្សិលមិញនេះ ខណៈតំបន់ Dongjak ដែលស្ថិតនៅភាគខាងត្បូងទីក្រុងសេអ៊ូលត្រូវប្រឈមនឹងភ្លៀងធ្លាក់ក្នុងកម្រិតរហូតដល់ ១៣៧ មីលីម៉ែត្រក្នុងមួយម៉ោង ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ យ៉ាងណាក្តី គិតមកត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះរងរហូតដល់ស្លាប់បាត់បង់ជីវិត ឬបាត់ខ្លួនរកមិនឃើញនោះទេ ខណៈមានពលរដ្ឋមួយចំនួនតូចបានសម្រេចធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងដែលមានសុវត្ថិភាព៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: