ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនសង់មន្ទីរពេទ្យចំនួន ៣ដែលមានគ្រែសម្រាករហូតដល់ ៣ពាន់គ្រែជាបន្ទាន់ ដើម្បីឆ្លើយតបនឹងការរាតត្បាតកូវីដ-១៩នៅតំបន់ទីបេ

    BY Pheakdey August 11, 2022
    ចិនសង់មន្ទីរពេទ្យចំនួន ៣ដែលមានគ្រែសម្រាករហូតដល់ ៣ពាន់គ្រែជាបន្ទាន់ ដើម្បីឆ្លើយតបនឹងការរាតត្បាតកូវីដ-១៩នៅតំបន់ទីបេ

    ចិន៖ ប្រទេសចិនត្រូវបានបណ្តាញសារព័ត៌មាន The Strait Times រាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហានេះថា បានបង្កើតមន្ទីរពេទ្យសម្រាប់ប្រើប្រាសបណ្តោះអាសន្នចំនួន ៣នៅក្នុងតំបន់ទីបេ ដើម្បីឆ្លើយតបនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ដែលទើបផ្ទុះឡើងនៅទីនោះ។​ តាមរយៈមន្ទីរពេទ្យដែលត្រូវបានគេសាងសង់នៅនៅតាមទីវាលចំនួន ៣នោះ គឺគេនឹងមានគ្រែពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩រហូតដល់ ៣,០០០គ្រែ ដោយក្នុងនោះគ្រែចំនួន ២,០០០ត្រូវបានដាក់ពង្រាញនៅក្នុងក្រុង Lhasa ខណៈគ្រែចំនួន ១,០០០ផ្សេងនឹងត្រូវយកទៅប្រើប្រាស់នៅក្នុងក្រុង Shigatse។

    Hong Kong's zero-COVID quest pushes medical facilities to the brink | Reuters

    ប្រភពខាងលើបានបន្តថា វិធានការបន្ទាន់របស់អាជ្ញាធរចិនដូចបានជម្រាបជូនខាងលើនេះគឺត្រូវបានធ្វើឡើងក្រោយពេល តំបន់ទីបេបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៨ករណី កាលពីថ្ងៃអង្គារកន្លងទៅ។ ទន្ទឹមនឹងការដាក់ចេញវិធានការខាងលើនេះអាជ្ញាធរចិនក៏បានសម្រេចបិទខ្ទប់តំបន់សំខាន់ៗមួយចំនួននៅក្នុងរដ្ឋធានី Lhasa ផងដែរ ហើយក្នុងនោះក៏មានតាំងទីតាំងដែលជាលំនៅដ្ឋានរបស់ព្រះសង្ឃដាឡៃឡាម៉ាទៀតផង។ ជាងនេះទៅទៀតអាជ្ញាធរចិនក៏បានបញ្ជូនអ្នកជំនាញជាច្រើននាក់ពីទីក្រុងប៉េកាំងឲ្យទៅជួយធ្វើអន្តរាគមន៍ក្នុងយុទ្ធនាការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩នៅតំបន់ទីបេផងដែរ ដ្បិតទីបេទើបប្រឈមនឹងរលករាតត្បាតក្រោយគេ ខណៈក្រុមអ្នកជំនាញព្យាករណ៍ថាកូវីដ-១៩អាចនឹងចម្លងទៅកាន់ពលរដ្ឋក្នុងតំបន់ទីបេជាច្រើនពាន់នាក់នៅពេលដ៏ខ្លីខាងមុខនេះ ប្រសិនបើចាត់វិធានការមិនបានទាន់ពេលវេលានោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Times

    Share This Post: