អន្តរជាតិ

វៀតណាមគ្រោងសាងសង់ផ្លូវរត់ភ្លើងល្បឿនលឿនមួយខ្សែដែលមានតម្លៃ ៥៨,៧ពាន់លានដុល្លារ

BY
Pheakdey
August 14, 2022

វៀតណាម៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី១៤ ខែសីហានេះបានឲ្យដឹងថា វៀតណាមគ្រោងនឹងសាងសង់ផ្លូវរត់ភ្លើងល្បឿនលឿនមួយខ្សែកាត់តាមបណ្តោយប្រទេសរបស់ខ្លួន ដែលមានតម្លៃរហូតដល់ ៥៨,៧ ពាន់លានដុល្លារអាមេរិក។ បើតាមក្រសួងដឹកជញ្ជូនវៀតណាមបានបញ្ជាក់ថា​ ក្រសួងនឹងបញ្ជូនសំណើសុំបង្កើតផ្លូវរត់ភ្លើងនេះទៅកាន់ការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាមនៅខែក្រោយ ហើយគេរំពឹងថាសេចក្តីសម្រេចផ្លូវនឹងត្រូវធ្វើឡើងក្នុងពេលដ៏ឆាប់រហ័សផងដែរ។

ប្រភពខាងលើបានបន្តថា ផ្លូវរត់ភ្លើងល្បឿនលឿនដែលតម្លៃដ៏ច្រើនសម្បើមមួយខ្សែរនោះគឺមានប្រវែងសរុប ១,៥៤៥ គីឡូម៉ែត្រ ខណៈការសាងសង់នឹងត្រូវបែងចែកជា ២ដំណាក់កាល។ នៅក្នុងដំណាក់កាលទី ១ គេនឹងសាងសង់ផ្លូវប្រវែង ៦៦៤គីឡូម៉ែត្រជាមុនសិន ដោយនៅក្នុងដំណាក់កាលនេះគេនឹងប្រើប្រាស់លុយចំនួន ២៤,៧២ពាន់លានដុល្លារអាមេរិក ខណៈផ្លូវរត់ភ្លើងមួយកំណាត់នេះនឹងអាចដាក់ឲ្យប្រើប្រាស់ជាផ្លូវការបាននៅក្នុងឆ្នាំ ២០៣២។ បន្ទាប់មកទើបគេបន្តសាងសង់ផ្លូវរត់ភ្លើងដែលនៅសល់ទាំងអស់ ខណៈគម្រោងទាំងមូល ពោលគឺផ្លូវរត់ភ្លើងសរុបដែលមានប្រវែងរហូតដល់ ១,៥៤៥គីឡូម៉ែត្រនោះនឹងត្រូវបញ្ចប់ការសាងសង់ក្នុងចន្លោះពីឆ្នាំ ២០៤៥-២០៥០៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

 

 

Share This Post: