បុរសម្នាក់បើករថយន្តបំបុករបាំងនៅក្បែរវិមានកាពីតូលអាមេរិក ហើយបន្ទាប់មកក៏បាញ់ផ្តាច់ជីវិតខ្លួនឯងដោយមិនដឹងមូលហេតុ
- BY
- Pheakdey
- August 15, 2022
អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានឲ្យដឹងថា មានបុរសម្នាក់បានបាញ់សម្លាប់ខ្លួននៅក្បែរវិមានកាពីតូល សហរដ្ឋអាមេរិក ខណៈហេតុការណ៍ដ៏កម្រនេះបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យ ទី១៤ ខែសីហាម្សិលមិញនេះ។ បុរសដែលបានសម្រេចចិត្តធ្វើអត្តឃាតដោយមិនស្ទាក់ស្ទើរនោះនៅមិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណបាននៅឡើយទេ ហើយហេតុផលចម្បងដែលជំរុញឲ្យរូបគាត់ហ៊ានផ្តាច់ជីវិតខ្លួនឯងដោយមិនស្តាយស្រណោះដូចនេះក៏មិនទាន់ត្រូវបានគេរកឃើញនៅឡើយដែរ។

បើតាមប៉ូលិសប្រចាំការនៅវិមានកាពីតូលអាមេរិកបានឲ្យដឹងថា មុនពេលបាញ់សម្លាប់ខ្លួនបុរសជាជនរងគ្រោះបានបើករថយន្តបំបុករបាំងមួយ ដែលគេដាក់ឃាំងមិនឲ្យរថយន្តឆ្លងកាត់នៅលើផ្លូវផ្នែកខាងកើតនៃវិមានកាពីតូល និងទម្លុះចូលទៅដល់ផ្លូវទី ២ ដែលជាផ្លូវនៅជាប់នឹងវិមានកាតូលតែម្តង។ បន្ទាន់មកគាត់ក៏បានចុះពីលើរថយន្តហើយដកកាំភ្លើងបាញ់លើរថយន្ត និងបាញ់ទៅលើអាកាសអស់ជាច្រើន និងចុងក្រោយក៏បានសម្លាប់ខ្លួនឯងតែម្តង។ សូមបញ្ជាក់ជូនថា ថ្មីៗនេះនៅអាមេរិកកំពុងមានរឿងចម្រូងចម្រាស់មួយចំនួនបានកើតឡើងដូចជា ការសម្រេចរបស់តុលាការកំពូលអាមេរិកជុំវិញច្បាប់រំលូតកូនដែលធ្វើឲ្យពលរដ្ឋជាច្រើនមិនសប្បាយចិត្តនិងមានការតវ៉ា ហើយរឿងមួយទៀតគឺប៉ូលិស FBI បានចុះទៅរឹបអូសយកប្រអប់មួយចំនួននៅឯរមណីដ្ឋានរបស់អតីតប្រធានាធីបតីអាមេរិក ដូណាល់ ត្រាំ ដ្បិតនៅក្នុងប្រអប់ទាំងនោះមានផ្ទុកនូវឯកសារសំខាន់ជាច្រើនរបស់រដ្ឋាភិបាលអាមេរិក។ យ៉ាងណាក្តី ពេលនេះប៉ូលិសអាមេរិកកំពុងបើកការស៊ើបអង្កេតជាពិសេសមួយជុំវិញករណីដ៏រសើបនេះហើយ ដើម្បីស្វែងរកឲ្យឃើញមូលហេតុពិតប្រាកដ ដែលជំរុញឲ្យមានករណីធ្វើអត្តឃាតដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






