ថៃរកឃើញអ្នកកើតជំងឺអ៊ុតស្វា Monkeypox មួយករណីទៀត ដែលធ្វើឲ្យករណីសរុបកើនដល់ ៥នាក់
- BY
- Pheakdey
- August 16, 2022
ថៃ៖ ប្រទេសថៃបានរកឃើញអ្នកកើតជំងឺអ៊ុតស្វា Monkeypox មួយករណីបន្ថែមទៀតហើយ ដែលធ្វើឲ្យចំនួនអ្នកកើតជំងឺអ៊ុតស្វា Monkeypox សរុបនៅក្នុងប្រទេសថៃបានកើតដល់ ៥នាក់ បើគិតត្រឹមព្រឹកថ្ងៃអង្គា ទី១៦ ខែសីហានេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អ្នកជំងឺអ៊ុតស្វា Monkeypox ដែលជាករណីទី ៥របស់អាជ្ញាធរថៃនោះគឺជាស្រ្តីជនជាតិថៃ វ័យ ២៥ឆ្នាំ ដែលទើបធ្វើដំណើរត្រលប់មកពីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមវិញ។

បើតាមលោកវេជ្ជបណ្ឌិត Opas Karnkawinpong ដែលជាអគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានឲ្យដឹងថា ស្រ្តីជាអ្នកជំងឺរូបនេះបានធ្វើដំណើរមកដល់ទឹកដីថៃតាមរយៈជើងហោះហើរដែលបានចុះចតនៅក្នុងប្រលានយន្តសុវណ្ណភូមិកាលពីថ្ងៃអាទិត្យ ទី១៤ ខែសីហា និងបានតេស្តិ៍វិជ្ជាមានជំងឺ Monkeypox កាលពីថ្ងៃចន្ទ ទី១៥ ខែសីហាម្សិលមិញនេះ។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្ត គេបានសម្រេចធ្វើតេស្តិ៍ស្រ្តីរូបនេះភ្លាមៗក្រោយពេលគាត់បានមកទល់ប្រទេសថៃ ដ្បិតនៅពេលគាត់បានដើរចេញពីយន្តហោះមកនោះគេបានពិនិត្យឃើញគាត់មានពងបែកនៅខ្លួនរួចទៅហើយ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សជាង ៣០,០០០នាក់ហើយនៅជុំវិញពិភពលោក និងមានមនុស្សចំនួន ៦នាក់បានស្លាប់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






