អាមេរិកសម្រេចកាត់បន្ថយការផ្គត់ផ្គង់ទឹកនៅតាមរដ្ឋមួយចំនួន ដើម្បីឆ្លើយតបនឹងបញ្ហាកើនឡើងកម្តៅនិងគ្រោះរាំងស្ងួត
- BY
- Pheakdey
- August 17, 2022
អាមេរិក៖ សហរដ្ឋអាមេរិកបានសម្រេចកាត់បន្ថយការផ្គត់ផ្គង់ទឹកនៅតាមរដ្ឋមួយចំនួនរបស់ខ្លួន និងនៅតាមបណ្តារដ្ឋខ្លះនៅក្នុងប្រទេសម៉ិចស៊ីកូផងដែរ ដើម្បីជៀសវាងបញ្ហាហិនហោចអស់នៃធនធានទឹកនិងធនធានធម្មជាតិនៅក្នុងទន្លេ Colorado នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហានេះ។ គួរបញ្ជាក់ជូនថា ទន្លេ Colorado គឺជាប្រភពទឹកដ៏សំខាន់មួយនៅតំបន់ភាគខាងលិចសហរដ្ឋអាមេរិកនិងសម្រាប់រដ្ឋមួយចំនួននៅក្នុងប្រទេសម៉ិចស៊ីកូអស់រយៈពេលជាង ២ទសវត្សរ៍មកហើយ ខណៈអ្នកខ្លះបានចាត់ទុកទន្លេមួយខ្សែជាសរសៃឈាមរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ទៀតផង។

យ៉ាងណាក្តី ការប្រែប្រួលអាកាសធាតុនិងការកើនឡើងកម្តៅបានកំពុងតែគំរាមគំហែងទន្លេមួយនេះយ៉ាងខ្លាំង ដ្បិតវាត្រូវរីងស្ងួតតាមធម្មជាតិផង ហើយតម្រូវការនៃការទាញយកទឹកចេញពីប្រភពធម្មជាតិមួយនេះក៏មានកាន់តែខ្ពស់ផងដែរក្នុងរយៈពេលចុងក្រោយ។ កក្តាដែលជម្រុញឲ្យមានតម្រូវការប្រើប្រាស់ទឹកកាន់តែខ្ពស់នោះគឺដោយតែសីតុណ្ណភាពបានកើនឡើងក្នុងកម្រិតខ្ពស់ខ្លាំង ដែលធ្វើឲ្យពលរដ្ឋម្នាក់ៗត្រូវការប្រើប្រាស់ទឹកក្នុងបរិមាណច្រើនជាងធម្មតាផងដែរ។ ដើម្បីដោះស្រាយបញ្ហានៅចំពោះមុខនេះគឺអាជ្ញាធរអាមេរិកបានប្រកាសកាត់បន្ថយការផ្គត់ផ្គង់ទឹកទៅកាន់ក្រុមប្រជាពលរដ្ឋនៅក្នុងរដ្ឋមួយចំនួនតែម្តង ហើយពលរដ្ឋទាំងនោះត្រូវតែចេះសន្សំសំចៃទឹកឲ្យបានខ្ពស់ក្នុងអំឡុងពេលនៃការប្រឈមនឹងការកើនឡើងកម្តៅនិងគ្រោះរាំងស្ងួតនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






