អន្តរជាតិ

ការសិក្សាមួយបង្ហាញថា ពលរដ្ឋអាស៊ីអាគ្នេយ៍ចំណាយលុយរហូតដល់ ៣,៦៦ពាន់លានដុល្លារក្នុងមួយឆ្នាំទិញតែគុជផឹក

BY
Pheakdey
August 18, 2022

សិង្ហបុរី៖ តែគុជបានក្លាយជាភេសជ្ជៈដ៍ពេញនិយមមួយប្រភេទនៅលើទីផ្សារក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ជាពិសេសគឺនៅក្នុងចំណោមអតិថិជនដែលជាក្រុមយុវជនវ័យក្មេងតែម្តង។ ដ្បិតថាតែគុជហាក់មិនសូវមានទីផ្សារទូលំទូលាយនិងត្រូវបាននិយមទទួលទានជាទូទៅដូចកាហ្វេក៏ពិតមែន តែទំហំប្រាក់ចំណូលប្រាក់ចំណូលបានមកពីការលក់តែគុជគឺមិនតូចនោះទេ ពោលគឺវាមានតម្លៃខ្ទង់រាប់ពាន់លានដុល្លារឯណោះ។ ជាក់ស្តែងការសិក្សាមួយបានបង្ហាញថា ទីផ្សារលក់តែគុជនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មានទំហំជាទឹកប្រាក់រហូតដល់ ៣,៦៦ពាន់លានដុល្លារអាមេរិកឯណោះក្នុងមួយឆ្នាំ។

ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុនធំៗចំនួន ២ ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរីគឺក្រុមហ៊ុន Momentum Works និងក្រុមហ៊ុន Qlub ដែលបានសិក្សាទៅលើទំហំនៃការលក់តែគុជយីហោល្បីៗចំនួន ៦០ប្រភេទផ្សេងគ្នា។ ក្នុងការសិក្សាបានបង្ហាញថា ប្រទេសឥណ្ឌូនេស៊ីគឺជាទីផ្សារលក់តែគុជធំបំផុតនៅក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដោយមានទំហំទឹកប្រាក់ ១,៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ទីផ្សារធំទី ២គឺប្រទេសថៃ ដែលមានទំហំទឹកប្រាក់នៃការលក់ប្រចាំឆ្នាំចំនួន ៧៤៩លានដុល្លារអាមេរិក ទីផ្សារធំទី ៣គឺវៀតណាមជាមួយទំហំទឹកប្រាក់លក់ប្រចាំឆ្នាំចំនួន ៣៦២លានដុល្លារអាមេរិក និងទីផ្សារធំទី ៤គឺប្រទេសសិង្ហបុរីដែលមានទំហំទឹកប្រាក់នៃការលក់ប្រចាំឆ្នាំចំនួន ៣៤២លានដុល្លារអាមេរិក។ សូមបញ្ជាក់ជូនផងដែរថា ភាគច្រើននៃតែគុជដែលលក់ដាច់ច្រើនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះគឺជាតែគុជម៉ាកយីហោនាំចូលពីកោះតៃវ៉ាន់ និងម៉ាកយីហោក្នុងស្រុករបស់ប្រទេសនីមួយៗ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: