អន្តរជាតិ

ថៃសម្រេចដំឡើងថ្លៃមីកញ្ចប់ជាលើកដំបូងក្នុងរយៈពេល ១៤ឆ្នាំ ដើម្បីឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចសកល

BY
Pheakdey
August 25, 2022

ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃពុធ ទី ២៤ ខែសីហានេះបានឲ្យដឹង​ថា ប្រទេសថៃបានសម្រេចដំឡើងថ្លៃចំពោះតម្លៃនៃមីកញ្ចប់ជាលើកដំបូងក្នុងរយៈពេល ១៤ឆ្នាំចុងក្រោយនេះ។ បើតាមនាយកដ្ឋានពាណិជ្ជកម្មថៃបានបញ្ជាក់ថា ការសម្រេចដំឡើងថ្លៃនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងវិបត្តិអតិផរណានៅក្នុងប្រទេស ដែលបានបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចសកល ពោលគឺជាផលប៉ះពាល់សេដ្ឋកិច្ចនៅទូទាំងពិភពលោកដែលជាឥទ្ធិពលចេញពីភ្លើងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។

ប្រភពខាងលើបានបន្តថា នាពេលកន្លងមកនៅលើទីផ្សារក្នុងប្រទេសថៃគឺមីមួយកញ្ចប់មានតម្លៃ ៦បាត (៦៨០ រៀល) ហើយចាប់ពីថ្ងៃទី ២៥ ខែសីហានេះតទៅតម្លៃនឹងត្រូវដំឡើងដល់ ៧បាត (៧៩៤ រៀល) សម្រាប់មីមួយកញ្ចប់ ខណៈអាជ្ញាធរបានកំណត់តម្លៃដែលអាចនឹងត្រូវដំឡើងខ្ពស់បំផុតត្រឹម ៨បាត (៩០០ រៀល)។ ចំពោះប្រភេទមីដែលត្រូវដំឡើងតម្លៃវិញមានដូចជា មីWai Wai មីMama មីYam Yam មីSue Sat និងមី Nissin ជាដើម។ គួរបញ្ជាក់ជូនផងដែរថា នាពេលបច្ចុប្បន្ននេះតម្លៃនៃម្សៅស្រូវសាលីដែលជាវត្ថុធាតុដើមសម្រាប់ផលិតមីនៅក្នុងទីផ្សារប្រទេសថៃបានកើតឡើងចន្លោះពី ២០-៣០% ខណៈតម្លៃប្រេងដូងវិញបានកើនឡើងទ្វេរដង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: