រដ្ឋកាលីហ្វ័រញ៉ាគ្រោងឈប់ប្រើប្រាស់រថយន្តដើរដោយប្រេងឥន្ទនៈនៅត្រឹមឆ្នាំ ២០៣៥
- BY
- Pheakdey
- August 25, 2022
អាមេរិក៖ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក គ្រោងនឹងហាមឃាត់រថយន្តដើរដោយប្រេងឥន្ទនៈហ្វូស៊ីលនៅត្រឹមឆ្នាំ ២០៣៥ខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strati Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហានេះ។ បើតាមក្រុមប្រឹក្សាធនធានអាកាសរបស់រដ្ឋកាលីហ្វ័រញ៉ាបានបញ្ជាក់ថា សំណើសុំការអនុវត្តគម្រោងខាងលើនេះត្រូវបានបញ្ជូនទៅកាន់ខុទ្ទកាល័យរបស់លោកអភិបាលរដ្ឋកាលីហ្វ័រញ៉ានៅក្នុងសប្តាហ៍នេះ ខណៈគេរំពឹងរហូតដល់ ៩៩,៩%ឯណោះថា សំណើរនេះនឹងត្រូវអនុម័តជាផ្លូវការក្នុងពេលដ៏ឆាប់ខាងមុខ។

ខ្លឹមសារនៅក្នុងគម្រោងខាងលើបានបញ្ជាក់ថា រដ្ឋកាលីហ្វ័រញ៉ានឹងកាត់បន្ថយរថយន្តដើរដោយប្រេងឥន្ទនៈហ្វូស៊ីលជា ៣ដំណាក់កាល ដោយកាត់បន្ថយ ៣៥%នៅឆ្នាំ ២០២៦ ហើយបន្តកាត់បន្ថយឲ្យបាន ៧០%នៅត្រឹមឆ្នាំ ២០៣០ និងឈានទៅដល់ការហាមឃាត់ទាំងស្រុងនៅត្រឹមឆ្នាំ ២០៣៥។ ដូចនេះវាមានន័យថា ចាប់ពីឆ្នាំ ២០៣៥ តទៅ គឺរថយន្តថ្មីដែលអាចដាក់លក់និងធ្វើចរាចរណ៍បាននៅក្នុងរដ្ឋកាលីហ្វ័រញ៉ាគឺត្រូវតែជាប្រភេទរថយន្តដែលអាចបំភាយឧស្ម័នក្នុងកម្រិតសូន្យ ខណៈគម្រោងនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបំពុលបរិស្ថាន។ សូមបញ្ជាក់ជូនថា រដ្ឋកាលីហ្វ័រញ៉ាគឺជាទីផ្សារប្រើប្រាស់រថយន្តធំបំផុតនៅអាមេរិក ពោលគឺមានអតិថិជនរហូតដល់ជាង ៤០លាននាក់ ហើយប្រសិនបើរដ្ឋដ៏ធំមួយនេះអាចអនុវត្តគម្រោងខាងលើប្រកបដោយភាពជោគជ័យនោះ គេរំពឹងថារដ្ឋជាច្រើនផ្សេងទៀតរបស់អាមេរិកនឹងយកគំរូតាមផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strati Times
- Share This Post:






