ជប៉ុនគ្រោងចំណាយប្រាក់ជិត ២លានដុល្លារអាមេរិកដើម្បីរៀបចំពីបុណ្យលោក ស៊ីនហ្សូ អាបេ នៅខែក្រោយ
- BY
- Pheakdey
- August 26, 2022
ជប៉ុន៖ ជប៉ុនគ្រោងនឹងចំណាយប្រាក់ជិត ២លានដុល្លារអាមេរិកដើម្បីរៀបចំពីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីគឺលោក ស៊ីនហ្សូ អាបេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែសីហានេះ។ បើតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា ពិធីបុណ្យសពនោះគឺជាពិធីបុណ្យសពថ្នាក់ជាតិ ដែលរដ្ឋាភិបាលជប៉ុនគឺជាអ្នកទទួលខុសត្រូវក្នុងការរៀបចំនិងទទួលបន្ទុកលើកការចំណាយគ្រប់បែបយ៉ាងចាប់តាំងពីពេលផ្តើមរៀបចំកម្មវិធីរហូតដល់ពេលបិទបញ្ចប់ទាំងស្រុងតែម្តង។

តាមគម្រោងគឺពិធីបុណ្យសពថ្នាក់ជាតិរបស់សពលោក ស៊ីនហ្សូ អាបេ នឹងត្រូវរៀបចំឡើងនៅមជ្ឈមណ្ឌល Nippon Budokan ដែលស្ថិតនៅក្នុងទីក្រុងតូក្យូ នៅក្នុងថ្ងៃទី ២៧ ខែកញ្ញាខាងមុខនេះ ខណៈទឹកប្រាក់ដែលត្រូវបានគេគ្រោងសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីបុណ្យមួយនេះគឺមានចំនួន ១,៨៣លានដុល្លារអាមេរិក។ គួររម្លឹកជូនថា លោក ស៊ីនហ្សូ អាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី ៨ ខែកក្កដាកន្លងទៅក្នុងពេលដែលលោកបានអញ្ជើញទៅធ្វើការឃោសនាចំពោះការបោឆ្នោតមួយ ដោយក្នុងពេលនោះរូបលោកត្រូវឈរនិយាយនៅតាមដងផ្លូវសាធារណៈដោយគ្មានអ្នកការពារច្រើននោះទេ។ សូមបញ្ជាក់ផងដែរថា លោក ស៊ីនហ្សូ អាបេ ធ្លាប់ជានាយករដ្ឋមន្ត្រីដែលបានកាន់តំណែងយូរជាងគេនៅក្នុងប្រវត្តិសាស្រ្តជប៉ុន ហើយរូបលោកត្រូវបានពលរដ្ឋជប៉ុនចាត់ទុកថាគឺជាវីរៈបុរសជាតិម្នាក់ផងដែរ ដ្បិតរូបលោកមានស្នាដៃធំៗជាច្រើនក្នុងការអភិវឌ្ឍន៍ប្រទេសនិងសេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






