អន្តរជាតិ

ឥណ្ឌូនេស៊ីគ្រោងដំឡើងថ្លៃប្រេងសាំង ៤០% ដើម្បីឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចសកល

BY
Pheakdey
August 27, 2022

ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីកំពុងពិចារណាដំឡើងថ្លៃប្រេងឥន្ទនៈចន្លោះពី ៣០-៤០% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃសុក្រ ទី ២៦ ខែសីហានេះ។ គម្រោងដំឡើងថ្លៃប្រេងឥន្ទនៈក្នុងចំនួនដ៏ច្រើននេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ន ពោលគឺវិបត្តិនៃការកើនឡើងតម្លៃប្រេងឆៅនៅលើពិភពលោកដែលបានបង្កឡើងដោយសារតែភ្លើងសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែន។

បើតាមលោក Eddy Soeparno ដែលជាអនុប្រធានគណៈកម្មាធិការថាមពលជាតិឥណ្ឌូនេស៊ីបានបញ្ជាក់ថា គម្រោងដំឡើងថ្លៃប្រេងឥន្ទនៈនេះត្រូវបានបញ្ជូនទៅដល់រដ្ឋសភាហើយ ខណៈពេលនេះសមាជិកសភារបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងប្រជុំពិភាក្សាអំពីបញ្ហានេះជាមួយតំណាងក្រុមហ៊ុន Pertamina  ដែលជាក្រុមហ៊ុនប្រេងឥន្ទនៈរបស់រដ្ឋ។ តាមគម្រោងគេនឹងដំឡើងថ្លៃចំពោះសាំងធម្មតាពី​ ៧,៦៥០ រូពៀ (២,១១០ រៀល) ទៅ ១០,០០០ រូពៀ (២,៧៦០ រៀល) ហើយចំពោះសាំងស៊ុបពែរនឹងត្រូវដំឡើងថ្លៃពី ១២,៥០០ (៣,៤៥០ រៀល) រូពៀ ទៅ ១៦,០០០ រូពៀ (៤,៤២០ រៀល) ខណៈប្រេងម៉ាស៊ូតវិញនឹងត្រូវដំឡើងថ្លៃពី ៥,១៥០ រូពៀ (១,៤២០ រៀល) ទៅ ៧,២០០ រូពៀ (១,៩៩០ រៀល)៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: