ប៉ាគីស្ថានអំពាវនាវរកជំនួយហិរញ្ញវត្ថុពីអន្តរជាតិ ខណៈពលរដ្ឋដែលបានបាត់បង់ជីវិតដោយទឹកជំនន់បានកើនដល់ជាង ១ពាន់នាក់
- BY
- Pheakdey
- August 29, 2022
ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថានបានសម្រេចអំពាវនាវស្វែងរកជំនួយផ្នែកហិរញ្ញវត្ថុពីអន្តរជាតិដើម្បីយកមកដោះស្រាយវិបត្តិទឹកជំនន់ ដែលកំពុងជន់លេចយ៉ាងខ្លាំងបំផុតនៅតំបន់ភាគខាងត្បូងនិងភាគខាងជើងប្រទេស។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា សេចក្តីអំពាវនាវនេះត្រូវបានធ្វើឡើងដោយលោក Bilawal Bhutto-Zardari ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ ទី២៨ ខែសីហា ម្សិលមិញនេះ។

បើតាមលោក Bilawal Bhutto-Zardari បានបញ្ជាក់ថា តាមរយៈការអំពាវនាវនេះលោកសង្ឃឹមថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងស្ថានប័នហិរញ្ញវត្ថុអន្តរជាតិមួយចំនួនទៀតនឹងពិចារណាជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសប៉ាគីស្ថាន ដែលកំពុងបង្កឡើងដោយបញ្ហាទឹកជំនន់។ សូមបញ្ជាក់ថា ទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថានបានបង្កឡើងសារមានភ្លៀងមូសុងធ្លាក់ក្នុងបរិមាណយ៉ាងច្រើនក្នុងរយៈពេលជាង ១ខែមកនេះ ខណៈគិតត្រឹមពេលនេះទឹកជំនន់បានឆក់យកជីវិតពលរដ្ឋប៉ាគឺស្ថានជាង ១ពាន់នាក់ និងបង្កផលប៉ះពាល់ដល់ពលរដ្ឋជាង ៣៣លាននាក់ផ្សេងទៀតផងដែរ៕



អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






