ថៃនិងវៀតណាមសហការគ្នាក្នុងការបង្កើនតម្លៃអង្ករនៅក្នុងទីផ្សារពិភពលោក ដើម្បីលើកស្ទួយជីវភាពកសិករ
- BY
- Pheakdey
- August 29, 2022
ប្រទេសថៃនិងប្រទេសវៀតណាមនឹងសហការគ្នាក្នុងការបង្កើនតម្លៃអង្ករនៅក្នុងទីផ្សារពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Striat Times នៅព្រឹកថ្ងៃចន្ទ ទី ២៩ ខែសីហានេះ។ បើតាមលោក Alongkorn Ponlaboot ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍របស់ប្រទេសថៃបានបញ្ជាក់ថា នេះជាលើកទីមួយហើយដែលប្រទេសថៃនិងប្រទេសវៀតណាមបានយល់ព្រមសហការគ្នាក្នុងគម្រោងបង្កើនតម្លៃអង្ករទៅក្នុងទីផ្សារសកលដូចនេះ ហើយវាក៏ជាការបោះជំហ៊ានមួយបន្ថែមទៀតក្នុងការបង្កើនទំនាក់រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរឲ្យកាន់តែជិតស្និតនឹងគ្នាបន្ថែមទៀតផងដែរ។

ទីប្រឹក្សាជាន់ខ្ពស់រូបនេះបានបន្តទៀតថា មុននឹងមានកិច្ចសហការខាងលើនេះជាផ្លូវការគឺភាគីខាងវៀតណាមនិងភាគីខាងថៃពិភាក្សាយ៉ាងល្អិតល្អន់អស់រយៈពេលជាច្រើនខែ ពោលគឺកិច្ចចរចារបានចាប់ផ្តើមទាំងអំឡុងខែឧសភាមកម្លេះ។ លោក Alongkorn Ponlaboot បញ្ជាក់ទៀតថា ការសម្រេចបង្កើនតម្លៃអង្ករនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនប្រាក់ចំណូលឲ្យក្រុមកសិករ ក៏ដូចជាចូលរួមលើកកម្ពស់ជីវភាពរបស់ពួកគាត់ឲ្យបានល្អប្រសើរផងដែរដើម្បីឆ្លើយតបជាមួយនឹងវិបត្តិសេដ្ឋកិច្ចសកលដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ។ សូមបញ្ជាក់ជូនថា អង្ករដែលថៃនិងវៀតណាមបាននាំចេញទៅកាន់ទីផ្សារពិភពលោកគឺមានទំហំប្រមាណជា ២៦ភាគរយនៃបរិមាណអង្ករសរុបរបស់ទីផ្សារពិភពលោក៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Striat Times
- Share This Post:






