ព័ត៌មានជាតិ
មកដឹងពីព័ត៌មានលំអិត គម្រោងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាធារណការ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងអំពីព័ត៌មានលំអិត នៃគម្រោងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

-ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ
-សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC
-គ្រោងចំណាយថវិកាចំនួន ៣៦.៧៧៥.០០០ដុល្លាអាមេរិក
-រយៈពេលសាងសង់ ៣៦ខែ។
លក្ខណៈបច្ចេកទេសនៃផ្លូវថ្នល់ផ្ទាល់ដី ស្ពានអាកាសជាន់ទី១ និងជាន់ទី២ ៖
១. ផ្លូវថ្នល់ផ្ទាល់ដី៖ មានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា។
១.១ រង្វង់មូល៖ (មានបរិមាត្រ ១៧៨ម៉ែត្រ x ទទឹង១១.៨៥ម៉ែត្រ)។
– កាំរង្វង់ក្នុង ២០.០០ម៉ែត្រ និងកាំរង្វង់ក្រៅ ៣៣.០០ម៉ែត្រ ដែលមានតួនាទីជារង្វង់មូលដើម្បីបែងចែកទិសដៅចរាចរណ៍៊
– គន្លងចរាចរណ៍មាន៣គន្លងផ្លូវ (សម្រាប់រថយន្តមានទំហំ ៣.៩៥ម៉ែត្រក្នុងមួយគន្លង)
– កម្ពស់សុវត្ថិភាព៖ ៥.០០ម៉ែត្រ ផ្នែកឆ្លងកាត់ក្រោមស្ពានអាកាសជាន់ទី១
១.២ ផ្លូវថ្នល់ផ្ទាល់ដី៖ តាមបណ្តោយស្ពាន និងក្រោមស្ពានដែលតភ្ជាប់ទៅនឹងរង្វង់មូល (មានទទឹង ៧ម៉ែត្រ)
– ទិសដៅចរាចរណ៍៖ ផ្លូវឯកទិស មានទិសដៅទៅ និងមកពីមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស វិថីកងយោធពលខេមរភូមិន្ទ ស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។
– គន្លងចរាចរណ៍៖ ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ)។
២. ស្ពានអាកាសជាន់ទី១៖ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា នៃមហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។
២.១ ស្ពានអាកាសរង្វង់មូល៖ (មានបរិមាត្រ ១៧៨ម៉ែត្រ x ទទឹង១២.៨៥ម៉ែត្រ)
– កាំរង្វង់ក្នុង ២០.០០ម៉ែត្រ និងកាំរង្វង់ក្រៅ ៣៣.០០ម៉ែត្រ ដែលមានតួនាទីជារង្វង់មូលដើម្បីបែងចែកទិសដៅចរាចរណ៍
– គន្លងចរាចរណ៍ មាន៣គន្លងផ្លូវ (សម្រាប់រថយន្តមានទំហំ ៣.៩៥ម៉ែត្រ ក្នុងមួយគន្លង)
– កម្ពស់សុវត្ថិភាព : ៥.០០ម៉ែត្រ ផ្នែកឆ្លងកាត់ក្រោមស្ពានអាកាសជាន់ទី២។
២.២ ស្ពានអាកាសខ្នែងA ៖ ឆ្ពោះទៅស្ពានព្រះមុនីវង្ស (មានប្រវែង ២០០ម៉ែត្រ x ទទឹង ១១.៥០ម៉ែត្រ)
– ទិសដៅចរាចរណ៍ : ផ្លូវទ្វេទិស មានទិសដៅទៅមកពីស្ពានព្រះមុនីវង្ស
– គន្លងចរាចរណ៍ : ៤គន្លងផ្លូវទៅមក (២គន្លងទៅ និង២គន្លងមក ដែលម្ខាងមាន ១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវសម្រាប់ទោចក្រយានយន្ត
មានទំហំ ១.៥០ម៉ែត្រ)។
២.៣ ស្ពានអាកាសខ្នែងB៖ វិថីកងយោធពលខេមរភូមិន្ទ (មានប្រវែង ២០០ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)
– ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅឆ្ពោះទៅវិថីកងយោធពលខេមរភូមិន្ទ
– គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវសម្រាប់ទោចក្រយានយន្ត មានទំហំ ១.៥០ម៉ែត្រ)
២.៤ ស្ពានអាកាសខ្នែងC៖ មហាវិថីព្រះមុនីវង្ស (មានប្រវែង ១៤៤ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)
– ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅមកពីមហាវិថីព្រះមុនីវង្ស
– គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវ សម្រាប់ទោចក្រយានយន្តមានទំហំ ១.៥០ម៉ែត្រ)
២.៥ ស្ពានអាកាសខ្នែងD៖ មហាវិថីព្រះមុនីវង្ស (មានប្រវែង ១៦១ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)
– ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅឆ្ពោះទៅមហាវិថីព្រះមុនីវង្ស
– គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវសម្រាប់ទោចក្រយានយន្តមានទំហំ ១.៥០ម៉ែត្រ)។
២.៦ ស្ពានអាកាសខ្នែងE៖ មហាវិថីសម្តេចតេជោ ហ៊ុន សែន (មានប្រវែង ១៥១ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)
– ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅមកពីមហាវិថីសម្តេចតេជោ ហ៊ុន សែន
– គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវសម្រាប់ទោចក្រយានយន្ត
មានទំហំ ១.៥០ម៉ែត្រ)។
២.៧ ស្ពានអាកាសខ្នែងF៖ មហាវិថីសម្តេចតេជោ ហ៊ុន សែន (មានប្រវែង ១៣១ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)
– ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅឆ្ពោះទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន
– គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវសម្រាប់ទោចក្រយានយន្តមានទំហំ ១.៥០ម៉ែត្រ)។
៣. ស្ពានអាកាសជាន់ទី២៖ (មានប្រវែង ១,២០០ម៉ែត្រ x ទទឹងពី ១៤.០០ម៉ែត្រ ទៅ ១៥.៨០ម៉ែត្រ)
– ទិសដៅចរាចរណ៍ : ផ្លូវទ្វេទិស មានទិសដៅទៅមករវាង មហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន
– គន្លងចរាចរណ៍ : ៤គន្លងផ្លូវ (២គន្លងទៅ និង២គន្លងមក ដែលម្ខាងមាន២គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.២៥ម៉ែត្រ ទៅ ៣.៧០ម៉ែត្រ)
• ធ្នឹមប្រអប់ជាបេតុងអាមេ ដែលមានកម្ពស់ ១.៥០ម៉ែត្រ
• សសរស្ពាននីមួយៗប្រើបេតុង ជាមួយនឹងជើងតាងកម្ពស់ ១.៥០ម៉ែត្រ
• ប្រភេទគ្រឹះខួង (Bored pile) មានអង្កត់ផ្ចិតទំហំ ១.៥០ម៉ែត្រ ទៅ ១.២០ម៉ែត្រ និងមានជម្រៅប្រមាណ៥០ម៉ែត្រ
• ជម្រាលទទឹងស្ពាន: ២%
• ជម្រាលបណ្តោយស្ពាន: ៥%
• បង្កាន់ដៃស្ពានមានកម្ពស់: ១.១០ម៉ែត្រ
• ល្បឿនសុវត្ថិភាព: ២០គ. ម/ម៉ោង ទៅ៤០គ.ម/ម៉ោង
• ទម្ងន់ផ្ទុកអនុញ្ញាត: ៣០តោន
• កម្ពស់អនុញ្ញាត: ៥.០០ម៉ែត្រ
• អ៊ុតកៅស៊ូ AC កម្រាស់ ០.១០ម៉ែត្រ
• ដាក់ស្លាកសញ្ញាចរាចរ និងអ៊ុតគំនូសចរាចរដោយប្រើថ្នាំទែរម៉ូប្លាស្ទឹក
• រៀបចំប្រព័ន្ធបង្ហូរទឹកនិងបណ្តាញលូ និងកែសម្រួលចិញ្ចើផ្លូវអមសងខាង
• បំពាក់ភ្លើងបំភ្លឺផ្លូវ និងបំភ្លឺស្ពាន
• រៀបចំសួនច្បារ ៕




ប្រភព៖ សាធារណការ រាជធានីភ្នំពេញ
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តាំផ្ញើទៅវិស័យឯកជននានាសូមកុំបន្តលើកសំណើដោះដូរយកដី CARDI និងហាមមិនឱ្យអ្នកណាលូកដៃចូលនោះទេ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសការពារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI) និងផ្តាំផ្ញើទៅវិស័យឯកជននានាសូមកុំបន្តលើកសំណើដោះដូរយកដី CARDI និងហាមមិនឱ្យអ្នកណាលូកដៃចូលក្នុងរឿងនោះទេ។ ការប្រកាសរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្មរុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ហើយអារឿង CARDI នេះ សូមកុំអ្នកណាមកលូកដៃ ខ្ញុំសូមបញ្ជាក់ជាសាធារណៈ ព្រោះកន្លងទៅមានជាង២០ ក្រុមហ៊ុនបានលើកសំណើសុំយក CARDI គេថា គេស្នើយក CARDI ទៅអភិវឌ្ឍន៍ ហើយគេសុំប្រគល់ដីកន្លែងនេះ កន្លែងនោះ»។ សម្តេចតេជោនាយករដ្ឋមន្រ្ដីក៏បានផ្តាំផ្ញើទៅវិស័យឯកជននានាសូមកុំបន្តជាមួយនឹងការលើកសំណើយកដី CARDI និងហាមមិនឱ្យអ្នកណាលូកដៃចូលក្នុងរឿងនេះឡើយ។
សម្តេចតេជោបានសង្កត់ធ្ងន់ថា៖ «ខ្ញុំបានចង្អុលថា ចាំដល់ថ្ងៃខ្ញុំស្លាប់សិន ហើយនៅពេលខ្ញុំស្លាប់ទៅហើយ បើអ្នកណាយកដី CARDI យកទៅដោះដូរឱ្យឯកជន យកទៅធ្វើនេះ ឬធ្វើនោះ ខ្ញុំនឹងតាមដាក់បណ្ដាសា»។ ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្ដីថ្លែងបញ្ជាក់ថា វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI) នេះគឺជាកូនបង្កើតរបស់សម្ដេចដែលសម្ដេចបង្កើតវិទ្យាស្ថាននេះ ព្រោះរឿងអ្វីក៏សម្ដេចស្ថិតនៅក្នុងហេតុការណ៍ទាំងអស់។ សម្ដេចតេជោបន្ដថា CARDI នេះ គឺសម្តេចបានទៅធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងអូស្ត្រាលី និងជាមួយអ៊ីរី ។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា៖ «ខ្ញុំសូមផ្ដាំរដ្ឋមន្ត្រីក្រោយៗ ឬនាយករដ្ឋមន្រ្ដីក្រោយ ឱ្យតែហ៊ានដោះដូរ ក៏ខ្ញុំតាមកាច់យកដែរ។ ទុកវាទៅវាមិនផ្អូមទេ របស់ហ្នឹង មិនចាំបាច់រើទៅកន្លែងណាទេ ទុកវានៅកន្លែងហ្នឹង។ ជាកេរ្ដិ៍មរតកដ៏មានតម្លៃដែលយើងបង្កើតបាននៅពូជស្រូវល្អៗ វាចេញពី CARDI »៕

ប្រភព៖ ក្រសួងព័ត៌មាន
ព័ត៌មានជាតិ
ជនដៃឆើតចំនួន ២នាក់ មុខសញ្ញាលួចម៉ូតូប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៩:៤០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវលូ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចយកម៉ូតូរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ចំនួន០៤ករណី។

ករណីទី១៖ ករណីយកដែកសំប៉ែតចុងស្រួចរាងអក្សរT ធ្វើសកម្មភាពកាច់បំបែកសោកុងតាក់ម៉ូតូលួចយកម៉ូតូ ម៉ាកហុងដា ZOOMERX ពណ៌ ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខបន្ទាយមានជ័យ ១O-៥៦៧៧ ប្រព្រឹត្តនៅចំណុចមុខតូចលក់ដូរ ផ្លូវជាតិលេខ៦ ក្រុម០៥ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០២:៣០នាទីទៀបភ្លឺ ។ ជនរងគ្រោះឈ្មោះ សឹង សិរីរតនា ភេទ ស្រី អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ករណីទី២៖ ករណីគាស់សោទ្វារបន្ទប់ជួលចូលលួចម៉ូតូ ចំនួន០៣គ្រឿង ប្រព្រឹត្តនៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង ក្រុម៤ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០២:៤៥ នាទីទៀបភ្លឺ។
១- ជនរងគ្រោះឈ្មោះ ណន់ សំ ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ។ សម្ភារបាត់បង់៖ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខកំពង់ឆ្នាំL-០៨៨៧។
២- ជនរងគ្រោះឈ្មោះ ចាន់ ណូរ៉ង់ ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ សៀមរាប ១AG-១៣៩០។
៣-ជនរងគ្រោះឈ្មោះ សាក់ សំណាង ភេទ ប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ។ សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ កំពង់ឆ្នាំង១H-៩៥៩៥។
ករណីទី៣៖ ករណីយកដែកសំប៉ែតចុងស្រួចរាងអក្សរT ធ្វើសកម្មភាពកាច់បំបែកសោកុងតាក់ម៉ូតូលួចយកម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២៣ មិនចាំពាក់ផ្លាកលេខ) ប្រព្រឹត្តនៅចំណុចមុខកំពង់ដពោងលឿង ក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៣:៣០នាទី ទៀបភ្លឺ។
ករណីទី៤៖ ករណីយកដែកសំប៉ែតចុងស្រួចរាងអក្សរT ធ្វើសកម្មភាពកាច់បំបែកសោកុងតាក់ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញ ១GZ-៦២២៩ ប្រព្រឹត្តនៅចំណុចផ្ទះជួលមានបន្ទប់ជួល ផ្លូវបេតុង ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ម៉ោងប្រហែល ០២:៣០នាទី។
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១- ឈ្មោះ អាន ប៊ុនធុច ភេទ ប្រុស អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
២- ឈ្មោះ ជា ណារ័ត្ន ហៅ ពៅ ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ស សេរីឆ្នាំ ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ១AC-២៣៦០, ដែកចុងស្រួចសម្រាប់កាច់សោកុងតាក់ម៉ូតូ ចំនួន០២ដើម, សោខ្សៀររាងអក្សរអិល(L) មួយចំនួន, វ៉ាលី ម៉ាកSaint ពណ៌ ទឹកប្រាក់ ចំនួន០១, ផ្លាកលេខម៉ូតូ ចំនួន០៣ (ផ្លាកលេខសៀមរាប១S-៦០៩៦, ផ្លាកលេខភ្នំពេញ ១GZ-៦២២៩, ផ្លាកលេខកំពង់ស្ពឺ១C-១៣៣៦), ដាវកែច្នៃ ពណ៌ ស ចំនួន០១ដើម, ឧបករណ៍សំរាប់ដោះ និងកឹបផ្លាកលេខម៉ូតូមួយចំនួន, ឧបករណ៍កែច្នៃសំរាប់កាច់បំបែកគ្រាប់សោកម៉ូតូមួយចំនួន, ម៉ូទ័រសំរាប់កាត់ដែក ចំនួន០១គ្រឿង, កន្ត្រៃសំរាប់កាត់ដែក ចំនួន០១ និងពូថៅ ចំនួន០១ដើម, គ្រឿងបន្លាស់ម៉ូតូ មួយចំនួន, ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕




ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ