អន្តរជាតិ

តៃវ៉ាន់បាញ់ព្រមានយន្តហោះគ្មានមនុស្សបើករបស់ចិន និងប្រកាសប្រឆាំងដាច់ខាត ចំពោះការឈ្លានពានរបស់ចិន

BY
Pheakdey
August 31, 2022

តៃវ៉ាន់៖ តៃវ៉ាន់បានបាញ់ព្រមានយន្តហោះគ្មានមនុស្សបើករបស់ចិនកាលពីថ្ងៃអង្គារ ទី៣០ ខែសីហាម្សិលមិញនេះ ខណៈឥរិយាបថនេះកំពុងបង្កឲ្យមានភាពភា្ញក់ផ្អើលយ៉ាងខ្លាំងនៅតំបន់ឈូកសមុទ្រចិន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា បន្ទាប់ពីមានការបាញ់ព្រមានពីសំណាក់យោធាតៃវ៉ាន់ យន្តហោះគ្មានមនុស្សបើករបស់ចិនបានហោះត្រលប់ទៅកាន់ទឹកដីចិនវិញយ៉ាងឆាប់រហ័ស ខណៈរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ឃើញចិនមានប្រតិកម្មតបវិញយ៉ាងណានោះទេ។

ការសម្រេចបាញ់ព្រមានចំពោះយន្តហោះគ្មានមនុស្សបើករបស់ទីក្រុងប៉េកាំងនៅពេលនេះ ត្រូវបានកើតឡើងក្រោយពេលប្រធានាធិបតីតៃវ៉ាន់គឺលោកស្រី ត្សៃ អ៊ីងវិន បានប្រកាសថា តៃវ៉ាន់នឹងចាត់វិធានការយ៉ាងខ្លាំងក្លាបំផុតដើម្បីប្រឆាំងនឹងការឈា្លនពានរបស់ចិន។ គួរបញ្ជាក់ជូនថា នេះជាលើកទីមួយហើយដែលកោះតៃវ៉ាន់សម្រេចបាញ់ព្រមានយន្តហោះគ្មានមនុស្សបើករបស់ចិនដូចនេះ ខណៈក្នុងអំឡុងពេលពេលនេះទីក្រុងប៉េកាំងនិងទីក្រុងតៃប៉ិកំពុងមានភាពតានតឹងជាមួយគ្នាយ៉ាងខ្លាំងផងដែរ។ គួរកត់សម្គាក់ថា ជម្លោះរវាងចិននិងតៃវ៉ាន់តែងកើតមានជារឿញៗ ដ្បិតចិនបានចាត់ទុកកោះតៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសរបស់ខ្លួន​ ខណៈតៃវ៉ាន់បន្តរក្សាជំហំរឹងមាំក្នុងផ្តាច់ខ្លួនជារដ្ឋឯករាជ្យមួយ៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: