ការស្រាវជ្រាវមួយបង្ហាញថា មន្ទីរពេទ្យនៅអង់គ្លេសនឹងត្រូវចំណាយលុយបន្ថែម ២,៣លានដុល្លារក្នុងមួយខែព្រោះហ្គាសនិងអគ្គិសនីឡើងថ្លៃ
- BY
- Pheakdey
- September 1, 2022
អង់គ្លេស៖ វិបត្តិនៃការកើនឡើងតម្លៃថាមពលនៅលើពិភពលោកបានកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងវិស័យជាច្រើននៅតាមបណ្តាលប្រទេសមួយដែលធ្លាក់តែពឹងផ្អែកខ្លាំងលើការនាំចូលថាមពលពីក្រៅប្រទេសជាពិសេសគឺការនាំចូលថាមពលពីប្រទេសរុស្ស៊ីតែម្តង។ ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail បានឲ្យដឹងថា វិស័យសុខាភិបាលនៅក្នុងប្រទេសអង់គ្លេសកំពុងរងនូវការគំរាមគំហែងយ៉ាងខ្លាំងពីវិបត្តិនៃការកើនឡើងតម្លៃថាមពលនៅលើពិភពលោក ពោលគឺនៅពេលនេះមន្ទីរពេទ្យនៅចក្រភពអង់គ្លេសកំពុងស្ថិតនៅក្នុងដំណាកកាលដែលត្រូវពិចារណាថា តើគួរជ្រើសរើសយកការសន្សំសំចៃថាមពលអគ្គិសនី ឬជ្រើសរើសយកគុណភាពនៃការមើលថែទាំអ្នកជំងឺឲ្យស្របតាមកម្រិតស្តង់ដាដែលធ្លាប់អនុវត្តនាពេលកន្លងមក។

បើយោងតាមការសិក្សាដែលត្រូវបានចេញផ្សាយដោយទិនានុប្បវត្តិវេជ្ជសាស្ត្រអង់គ្លេសបានឲ្យដឹងថា នៅតាមមន្ទីរពេទ្យក្នុងចក្រភពអង់គ្លេសនឹងត្រូវបង្កើតការចំណាយយ៉ាងច្រើនទៅលើហ្គាស និងថាមពលអគ្គិសនី ពោលគឺត្រូវបន្ថែមការចំណាយរហូតដល់ខ្ទង់ ២លានផោន (ជាង ២,៣លានដុល្លារអាមេរិក) ឯណោះក្នុងមួយខែ។សូមបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះកម្រិតអតិផរណនៅអង់គ្លេសបានកើនឡើង ១០,១ % ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ ខណៈគេបានព្យាករណ៍ថា នៅឆ្នាំក្រោយកម្រិតអតិផរណាអាចនឹងកើនរហូតដល់ ១៨%ទៀតផង។ ដោយឡែកតម្លៃហ្គាសនិងតម្លៃថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់នៅតាមផ្ទះវិញក៏មានការកើនឡើងយ៉ាងខ្ពស់ដែរដោយចាប់ពីខែតុលាខាងមុននេះគឺតម្លៃហ្គាសនិងតម្លៃថាមពលអគ្គិសនីអាចនឹងកើនឡើងរហូតដល់ ៨០% បើធៀបទៅនឹងរយៈពេលមុនសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះឡើង៕

អត្ថបទ៖ ភក្តី
ប្រភព៖Daily Mail
- Share This Post:






