អន្តរជាតិ

អាមេរិកអនុម័តលើគម្រោងលក់អាវុធតម្លៃជាង ១,១ពាន់លានដុល្លារឲ្យទៅកោះតៃវ៉ាន់ដែលធ្វើឲ្យចិនខឹងកាន់តែខ្លាំង

BY
Pheakdey
September 3, 2022

អាមេរិក៖ សភាសហដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទី២ ខែសីហានេះបានអនុម័តលើគម្រោងលក់អាវុធដែលមានតម្លៃសរុបជាង​ ១,១ពាន់លានដុល្លារអាមេរិកឲ្យទៅកោះតៃវ៉ាន់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការអនុម័តរបស់សភាអាមេរិកនៅពេលនេះបានធ្វើឲ្យចិនខឹងកាន់តែខ្លាំងផងដែរ ដ្បិតនៅក្នុងអំឡុងពេលនេះចិននិងអាមេរិកកំពុងតែមានភាពតានតឹងជាមួយគ្នាយ៉ាងខ្លាំងផងដែរនៅជុំវិញសំណុំរឿងកោះតៃវ៉ាន់នេះ។

បើតាមសេតវិមានអាមេរិកបានបញ្ជាក់ថា កញ្ចប់យោធាដែលអាមេរិកបានសម្រេចលក់ឲ្យទៅកោះតៃវ៉ាន់នៅពេលនេះគឺជាកញ្ចប់ដ៏ធំបំផុតមួយនៅក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ខណៈកញ្ចប់នេះនឹងត្រូវបែងចែកជាកញ្ចប់តូចៗចំនួន ៣ផ្សេងគ្នាផងដែរ។ កញ្ចប់ទី ១ ដែលមានតម្លៃ ៦៦៥លានដុល្លារគឺសម្រាប់ម៉ៅការក្នុងការថែទាំនិងអភិវឌ្ឍន៍ប្រព័ន្ធរ៉ាដាដែលជាប្រព័ន្ធការពារដែនដីតៃវ៉ាន់ទាំងមូលទាំងម្តង។ កញ្ចប់ថវិកាចំនួន ៣៥៥លានដុល្លារនឹងត្រូវចំណាយទៅលើការទិញមីស៊ីល Harpoon Block II ចំនួន ៦០ គ្រាប់ ដែលជាមីស៊ីលសម្រាប់បាញ់កម្ទេចនាវាចម្បាំងពីចម្ងាយនិងអាចអាចបាញ់យ៉ាងចំគោលដៅបំផុត។ ដោយឡែកសម្រាប់កញ្ចប់ថវិកាប្រមាណជា ៨៥,៥ លានដុល្លារផ្សេងទៀតនឹងត្រូវចំណាយលើការទិញមីស៊ីល Sidewinder ចំនួន ១០០គ្រាប់ ដែលជាប្រភេទមីស៊ីលសម្រាប់បាញ់កម្ទេចយន្តហោះចម្បាំងនៅលើអាកាស៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: