អន្តរជាតិ

ពលរដ្ឋឥណ្ឌូនេស៊ីរាប់ពាន់នាក់នាំគ្នាចុះថ្នល់ធ្វើបាតុកម្មទាមរដ្ឋាភិបាលដោះស្រាយបញ្ហាសាំងឡើងថ្លៃ

BY
Pheakdey
September 6, 2022

ឥណ្ឌូនេស៊ី៖ នៅថ្ងៃអង្គារ ទី៦ ខែសីហានេះមានពលរដ្ឋឥណ្ឌូនេស៊ីរាប់ពាន់នាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មដើម្បីទាមទារឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាប្រេងសាំងឡើងថ្លៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ ការសម្រេចនាំគ្នាធ្វើបាតុកម្មពីសំណាក់ពលរដ្ឋឥណ្ឌូនេស៊ីនៅពេលនេះគឺបានកើតឡើងក្រោយពេលដែលតម្លៃប្រេងសាំងនៅក្នុងទីផ្សារបានកើនឡើងក្នុងកម្រិតរហូតដល់ ៣២% បើធៀបទៅនឹងតម្លៃនៅក្នុងឆ្នាំមុន ខណៈការកើនឡើងក្នុងកម្រិតនេះគឺជាអត្រាកំណើនដ៏ខ្ពស់បំផុតមិនធ្លាប់នោះទេសម្រាប់ឥណ្ឌូនេស៊ីបើគិតក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ។

ប្រភពខាងលើបានបន្តថា គោលបំណងនៃការធ្វើបាតុកម្មខាងលើនេះគឺពលរដ្ឋឥណ្ឌូនេស៊ីចង់ឲ្យរដ្ឋាភិបាលបញ្ចេញទុកបម្រុងរបស់ជាតិជាលើកដំបូងដើម្បីជួយសម្របសម្រួលឲ្យតម្លៃប្រេងសាំងធ្លាក់ចុះទាបជាងតម្លៃនាពេលបច្ចុប្បន្ននេះបន្តិច។ យ៉ាងណាក្តី បើតាមលោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ធ្លាប់បានថ្លែងកាលពីចុងសប្តាហ៍កន្លងទៅថា រដ្ឋាភិបាលមានជម្រើសតិចតួចបំផុតក្នុងការបញ្ចេញទុនបម្រុងទៅជួយដោះស្រាយដ៏ធំមួយនេះ ហើយអ្វីដែលរដ្ឋាភិបាលអាចជួយបាននៅពេលនេះនឹងមិនស្របតាមអ្វីដែលពលរដ្ឋចង់បាននោះទេ។ សូមបញ្ជាក់ជូនថា ចលនាធ្វើបាតុកម្មរបស់ពលរដ្ឋឥណ្ឌូនេស៊ីនៅពេលនេះបានកើតមានឡើងនៅក្នុងរដ្ឋធានី Jakarta និងនៅតាមក្រុងសំខាន់ៗមួយចំនួនទៀតដូចជាក្រុង Surabaya, Makassar, Kendari, Aceh និងក្រុង Yogyakarta ហើយអ្នកចូលរួមធ្វើបាតុកម្មភាគច្រើនគឺជាក្រុមសិស្ស និស្សិត និងបុគ្គលិកបម្រើការងារនៅតាមក្រុមហ៊ុនឯកជន៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: