អន្តរជាតិ

ព្យុះទីហ្វុង Hinnamnor បានឆក់យកជីវិតពលរដ្ឋកូរ៉េខាងត្បូងចំនួន ២នាក់ ខណៈ ១០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន

BY
Pheakdey
September 6, 2022

កូរ៉េខាងត្បូង៖ របាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរកូរ៉េខាងត្បូងស្តីពីគ្រោះថ្នាក់ដែលបានបង្កឡើងដោយខ្យល់ព្យុះទីហ្វុង Hinnamnor បានបង្ហាញថា ឥទ្ធិពលនៃខ្យល់ព្យុះបានឆក់យកជីវិតពលរដ្ឋកូរ៉េខាងត្បូងចំនួន ២នាក់ហើយ បើគិតត្រឹមល្ងាចថ្ងៃអង្គារ ទី៦ ខែកញ្ញានេះ។ ក្រៅតែពីបានរកឃើញជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗនោះ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយកូរ៉េខាងត្បូងក៏បានប្រកាសពីការបាត់ខ្លួនរបស់ពលរដ្ឋចំនួន ១០ផ្សេងទៀតផងដែរ ខណៈអ្នកបាត់ខ្លួនទាំងអស់នោះនៅមិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណបាននៅឡើយទេ។


ប្រភពខាងលើបានបន្តថា ចំពោះពលរដ្ឋដែលបានជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាពវិញគឺបានកើតឡើងដល់ខ្ទង់ប្រហែលជា ២,៩០០នាក់ ហើយចំនួនផ្ទះដែលត្រូវកាត់ផ្តាច់អគ្គិសនីបានកើនឡើងដល់ជាង ៦៦,០០០ខ្នង ខណៈជើងហោះហើរក្នុងស្រុក មធ្យោបាយធ្វើដំណើរតាមសាឡាង និងសកម្មភាពនេសាទជាច្រើនត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ។ សូមបញ្ជាក់ថា ព្យុះទីហ្វុង Hinnamnor បានបង្កឲ្យមានខ្យល់បោកបក់ក្នុងល្បឿនរហូតដល់ ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោងនិងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយគិតត្រឹមពេលនេះព្យុះកំពុងបង្កការគំរាមគំហែងក្នុងទីក្រុងនិងតំបន់សំខាន់ៗជាច្រើននៅកូរ៉េខាងត្បូងដូចជាតំបន់ Gwangju, Busan, Daegu, Ulsan និងកោះ Jeju ហើយអាជ្ញាធរបានសម្រេចទាញសញ្ញាអាសន្នក្នុងកម្រិតដ៏ខ្ពស់មួយដែលមិនធ្លាប់មាននោះទេក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: