រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើដំណើរទៅអ៊ុយក្រែនជាលើកដំបូង ស្របពេលសេតវិមានគ្រោងផ្តល់ជំនួយ ២ពាន់លានដុល្លារបន្ថែមទៀត
- BY
- Pheakdey
- September 9, 2022
អ៊ុយក្រែន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានអញ្ជើញទៅដល់ប្រទេសអ៊ុយក្រែនកាលថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញាម្សិលមិញនេះដើម្បីចូលកិច្ចប្រជុំពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនអំពីបច្ចុប្បន្នភាពនៃភ្លើងសង្រ្គាមនិងការដាក់ចេញវិធានការសំខាន់ៗដើម្បីទប់ទល់ទៅនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Antony Blinken នៅពេលនេះគឺជាដំណើរទស្សនកិច្ចដែលមិនបានប្រកាសទុកជាមុននោះទេ ហើយវាក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ផងដែរ រាប់ចាប់តាំងរុស្ស៊ីផ្តើមឈ្លានពានចូលក្នុងទឹកដីអ៊ុយក្រែនអស់រយៈពេលជាង ៦ខែមកនេះ។

ប្រភពខាងលើបានបន្តថា នៅក្នុងដំណើរទស្សនកិច្ចនោះលោក Antony Blinken បានអញ្ជើញចូលរួមប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនគឺលោក Dmytro Kuleba រយៈពេល ៣០នាទី ហើយបន្ទាប់មកលោកក៏បានអញ្ជើញទៅសួរសុខទុក្ខកុមារដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងអ្នកជំងឺមួយចំនួនទៀតផងដែរ។ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកនៅពេលនេះគឺត្រូវបានធ្វើឡើងស្របពេលដែលរដ្ឋាភិបាលអាមេរិកគ្រោងនឹងផ្តល់ជំនួយទៅកាន់ប្រទេសអ៊ុយក្រែនក្នុងទំហំទឹកប្រាក់ចំនួន ២ពាន់លានដុល្លារបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ជូនថា អាមេរិកគ្រោងនឹងផ្តល់ជំនួយទៅអ៊ុយក្រែនក្នុងទំហំទឹកប្រាក់សរុបប្រមាណជា ៤០ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ ខណៈអាមេរិកក៏បានសន្យាបន្តជួយអ៊ុយក្រែនរហូតដល់ភ្លើងសង្គ្រាមត្រូវបានបិទបញ្ចប់ទាំងស្រុងផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






