វៀតណាមសម្រេចបន្ធូរបន្ថយវិធានការពាក់ម៉ាស់នៅតាមទីសាធារណៈ
- BY
- Pheakdey
- September 9, 2022
វៀតណាម៖ វៀតណាមសម្រេចបន្ធូរបន្ថយចំពោះវិធានការពាក់ម៉ាស់នៅតាមទីសាធារណៈហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃទីព្រហស្បតិ៍ ទី៨ ខែកញ្ញានេះ។ សេចក្តីសម្រេចមួយនេះត្រូវបានធ្វើឡើងក្រោយពេលដែលក្រុមមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅទូទាំងប្រទេសមានការធ្លាក់ចុះច្រើនគួរឲ្យកត់សម្គាល់ ខណៈទីតាំងសាធារណៈជាច្រើនលែងជាប្រភពនៃការចម្លងមេរោគគួរឲ្យព្រួយបារម្ភទៀតហើយ។

ប្រភពខាងលើបានបន្តថា ចាប់ពីពេលជូនដឹណឹងនេះតទៅគឺការពាក់ម៉ាស់នៅក្នុងផ្សារទំនើប រោងកុន ភោជនីយដ្ឋាន ក្លឹបកំសាន្ត កីឡដ្ឋាន សួនឧទ្យាន និងនៅតាមតំបន់សាធារណៈទូទៅលែងជាកាតព្វកិច្ចសម្រាប់ពលរដ្ឋវៀតណាមទៀតហើយ ខណៈពលរដ្ឋនៅតែអាចបន្តពាក់ម៉ាស់បានប្រសិនបើពួកគេគិតថាវាចាំបាច់ឬសំខាន់សម្រាប់សុខភាពរបស់ពួកគេ។ យ៉ាងណាក្តី ការពាក់ម៉ាស់នៅតែជាកាតព្វកិច្ចសម្រាប់ពលរដ្ឋវៀតណាមនៅពេលដែលពួកគេត្រូវធ្វើដំណើរតាមមធ្យោបាយសាធារណៈ នៅមណ្ឌលសុខភាព មជ្ឈមណ្ឌលសម្រាប់ធ្វើចត្តាឡីស័ក និងនៅតាមតំបន់ដែលអាជ្ញាធរបានកំណត់ថា ជាតំបន់ដែលនៅមានហានិភ័យខ្ពស់ក្នុងរាតត្បាតជំងឺកូវីដ-១៩៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






