PR

ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា

BY
Naren
September 10, 2022

(ភ្នំពេញ)៖ មន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ គណៈវិស្វករកម្ពុជា ឱ្យមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រង ត្រួតពិនិត្យ វិភាគតាមដាន និងការធ្វើកោសល្យវិច័យលើការប្រកបវិជ្ជាជីវៈវិស្វកម្ម របស់វិស្វករលើគ្រប់សកម្មភាព។

នៅរសៀលថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ បានប្រារព្ធពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា ដែលជាកិច្ចសហការរវាង គណៈវិស្វករកម្ពុជា និងក្រុមហ៊ុន CAST Laboratories PTE Ltd មកពីប្រទេសសឹង្ហបុរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងរ៉ែ និងថាមពល សភាពាណិជ្ជកម្មកម្ពុជា ទីប្រឹក្សាស្ថានទូតប្រទេសសឹង្ហបុរី ប្រចាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងឯកឧត្តម លោកជំទាវ លោក លោកស្រីជាភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អញ្ជើញមកពីបណ្តាក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធជាមួយនឹងការងារវិស្វកម្មទាំងអស់ សរុបប្រមាណ២០០០នាក់។

ជាកិច្ចស្វាគមន៍ក្នុងពិធីដ៏មហោឡាឫកនេះ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានថ្លែងឱ្យដឹងថា គណៈវិស្វករកម្ពុជា គឺជាអាជ្ញាធរវិស្វកម្មជាតិមួយ ដែលត្រូវបានបង្កើតឡើង ស្របទៅនឹងការវិវត្តនៃសង្គមសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើសេវាកម្មវិស្វកម្មឆ្លងដែនក្នុងតំបន់ អាស៊ាន ក្នុងគោលបំណងប្រមូលផ្តុំធនធានបញ្ញវន្តវិស្វករជាតិចុះបញ្ជី គ្រប់គ្រង និងអភិវឌ្ឍសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈ ដើម្បីធានាឱ្យការប្រកបវិជ្ជាជីវៈវិស្វកម្មមាន គុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និងការទទួលខុសត្រូវខ្ពស់ សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។

ទន្ទឹមនឹងនេះ គណៈវិស្វករកម្ពុជា ត្រូវមានមន្ទីរពិសោធន៍ ដើម្បីផ្សាភ្ជាប់ផ្នែកទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងលើការងារវិស្វកម្ម ធ្វើយ៉ាងណាឱ្យកម្រិតហានិភ័យទាបជាទីបំផុត ផ្អែកលើការអភិវឌ្ឍន៍របស់ប្រទេសជាតិឥតឈប់ឈរលើគ្រប់វិស័យ រួមទាំងវិស័យវិស្វកម្ម។ ឯកឧត្តមអគ្គលេខាធិការក៏បានលើកឡើងបន្ថែមទៀតថា ដោយមានការចង្អុលបង្ហាញ និងសម្របសម្រួលយ៉ាងមុតមាំពីសំណាក់ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សា និងមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា មន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា បានសម្រេចចុះកិច្ចសន្យាសហការជាមួយ ក្រុមហ៊ុន CAST Laboratories PTE Ltd មកពីប្រទេសសឹង្ហបុរី ដែលជាក្រុមហ៊ុនមួយមានដើមកំណើតនៅប្រទេសសឹង្ហបុរី តាំងពីឆ្នាំ១៩៨១ ដែលប្រើប្រាស់ស្តង់ដារសឹង្ហបុរី អាស៊ាន និងអន្តរជាតិ ឈានមុខគេ ក្នុងការធ្វើពិសោធន៍ ដោយប្រើបច្ចេកវិទ្យាខ្ពស់ កម្រិតស្តង់ដាអន្តរជាតិ ISO មានជំនាញ និងបទពិសោធន៍យូរឆ្នាំ ក្នុងការផ្តល់សេវាដូចជា ការធ្វើតេស្តកៅស៊ូក្រាលថ្នល់ បេតុងក្រាលថ្នល់ សម្ភារសំណង់ ភូគព្ភសាស្ត្រ ការក្រឹតខ្នាតឧបករណ៍ មេកានិច បេតុង ដែក និងសម្ភារវិស្វកម្មផ្សេងៗទៀត ប្រមាណជាង៣០០ប្រភេទ ការចុះត្រួតពិនិត្យ និងអង្កេតដល់ទីកន្លែង ការត្រួតពិនិត្យអគារគ្រោងឆ្អឹងដែក ដំណើរការដុតដោយកម្តៅ ការធ្វើតេស្តបេតុងដែលលាយស្រេច និងការត្រួតពិនិត្យសំណង់ជាច្រើនទៀត ដោយប្រើមនុស្សយន្ត និងការផ្តល់វិញ្ញាបនបត្រ និងវាយតម្លៃសម្រាប់ការសាងសង់ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់ ដោយមានការទទួលស្គាល់ជាសាកល ពីអង្គភាពបទប្បញ្ញត្តិជាតិ និងអន្តរជាតិ។

លោក Lim Eng Heng, CEO of CAST Laboratories Pte Ltd. ក៏បានបង្ហាញនូវការពេញចិត្តក្នុងកិច្ចសហការ ជាមួយគណៈវិស្វករកម្ពុជា ក្នុងការដាក់ឱ្យដំណើរការជាផ្លូវការ មន្ទីរពិសោធន៍គណៈវិស្វករកម្ពុជានេះឡើង និងជាចំណែកមួយយ៉ាងសំខាន់សម្រាប់សក្ដានុពលក្នុងប្រទេស និងការអភិវឌ្ឍន៍ធនធានមនុស្សផងដែរ។ លោក Alvin Koh ទីប្រឹក្សាស្ថានទូតសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កិច្ចសហការរវាងគណៈវិស្វករកម្ពុជា និងក្រុមហ៊ុន CAST Laboratories PTE Ltd បង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសឹង្ហបុរី និងកម្ពុជា។ លោកបានសម្តែងនូវការអបអរសាទរចំពោះកិច្ចសហការនេះ និងសូម ជូនពរឱ្យទទួលបានជោគជ័យក្នុងការផ្តល់សេវាធ្វើតេស្តប្រកបដោយភាពទទួលខុសត្រូវខ្ពស់ រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមន្ទីរពិសោធន៍គណៈវិស្វករកម្ពុជានេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ជឿជាក់ថា មន្ទីរពិសោធន៍នេះ នឹងបន្តជំរុញ និងផ្តល់លទ្ធភាពគ្រប់គ្រាន់ដល់គណៈវិស្វករកម្ពុជា ក្នុងការគ្រប់គ្រង ត្រួតពិនិត្យ វិភាគ តាមដាន និងធ្វើកោសល្យវិច័យលើការប្រកបវិជ្ជាជីវៈវិស្វកម្ម របស់វិស្វករអាជីពនៅគណៈវិស្វករកម្ពុជា និងរួមចំណែក ចូលរួមគិតគូរជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តន៍យុទ្ធសាស្ត្រចតុកោណ ដើម្បីអភិវឌ្ឍធនធានបញ្ញវន្តវិស្វកម្មជាតិ ដែលជាតម្រូវការចាំបាច់ក្នុងការកសាងប្រទេស ប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ សុច្ចរិតភាព និងការទទួលខុសត្រូវខ្ពស់របស់វិស្វករយើង។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ដែលបានចាប់យកកិច្ចសហការជាមួយក្រុមហ៊ុន CAST Laboratories PTE Ltd នៃប្រទេសសិង្ហបុរី ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីមានប្រសាសន៍បន្តថា គណៈវិស្វករកម្ពុជា ពិតជាមានការវិវត្តរីកចម្រើនគួរឱ្យកត់សំគាល់តាំងពីចាប់ផ្តើមបង្កើតឡើងកាលពី ឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ន ដែលមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយសរបស់ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ហើយមានអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ជាសេនាធិការ បានខិតខំសម្រេចនូវសមិទ្ធផលធំៗជាច្រើន។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បញ្ជាក់ទៀតថា ដើម្បីជំរុញឱ្យគោលបំណងរបស់គណៈវិស្វករកម្ពុជា អាចសម្រេចបានប្រកបដោយសុក្រឹតភាព អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ត្រូវរៀបចំផែនការបណ្ដុះបណ្ដាលបំប៉នជំនាញវិជ្ជាជីវៈវិស្វកម្ម ការត្រួតពិនិត្យវិស័យសំណង់ និងមុខជំនាញផ្សេងៗទៀតដែលពាក់ព័ន្ធ ដោយសហការជាមួយដៃគូ គឺក្រុមហ៊ុន CAST Laboratories PTE Ltd នៃប្រទេសសិង្ហបុរី ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបទដ្ឋានបច្ចេកទេសស្តង់ដារផ្សេងៗ ជូនដល់វិស្វករដែលចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ពីព្រោះថា មន្ទីរពិសោធន៍នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការក្លាយជាស្ពានផ្សាភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង តាមរយៈការធ្វើតេស្តត្រួតពិនិត្យ ការវាយតម្លៃសម្ភារ គ្រឿងផ្គុំ ការធ្វើកោសល្យវិច័យលើការងារវិស្វកម្ម និងការផ្តល់វិញ្ញាបនបត្រទទួលស្គាល់ប្រកបដោយភាពប្រាកដច្បាស់លាស់។ ជាទីបញ្ចប់ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តីបានប្រកាសដាក់ឱ្យដំណើរការនូវមន្ទីរពិសោធន៍គណៈវិស្វករកម្ពុជាជាផ្លូវការដោយកាត់ខ្សែបូ រួមគ្នាជានិមិត្តរូប ក្រោមបរិយាកាសរីករាយគួរជាទីមោទនៈ៕

Share This Post: