សហរដ្ឋអាមេរិករកឃើញអ្នកបាត់បង់ជីវិត ដោយសារជំងឺអុតស្វា Monkeypox ករណីទី ២
- BY
- Pheakdey
- September 14, 2022
អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញានេះបានឲ្យដឹងថា មានអ្នកជំងឺអុតស្វា Monkeypox ម្នាក់បានស្លាប់បាត់បង់ជីវិតនៅសហរដ្ឋអាមេរិកកាលពីថ្ងៃម្សិលមិញនេះ។ អ្នកជំងឺដែលបានស្លាប់បាត់បង់ជីវិតរូបនេះគឺជាបុរសវ័យក្មេងម្នាក់ ដែលបានធ្វើតេស្តវិជ្ជមានជំងឺអុតស្វា Monkeypox ក្នុងរយៈពេលជាច្រើនសប្តាហ៍មកហើយ ខណៈមុនពេលស្លាប់ខាងគ្រូពេទ្យក៏បានរកឃើញថា គាត់មានបញ្ហាសុខភាពចំនួន ២បន្ថែមទៀតផងដែរ គឺបញ្ហារលាកខួរក្បាលនិងរលាកខួរឆ្អឹងខ្នងដែលបានបង្កឡើងដោយមេរោគនៃជំងឺអុតស្វា Monkeypox។

ក្រោយជួបប្រទះករណីដ៏កម្រនេះ ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងរបស់អាជ្ញាធរសុខាភិបាលអាមេរិកជាច្រើនរូបកំពុងបើការសិក្សាជាពិសេសមួយ ដើម្បីស្រាវជ្រាវថា ហេតុអ្វីបានជាជនរងគ្រោះរូបនេះត្រូវកើតមានរលាកខួរក្បាលនិងរលាកខួរឆ្អឹងខ្នងបន្ថែមទៀតក្រោយពេលបានឆ្លងជំងឺអុតស្វា Monkeypox ដ្បិតអ្នកជំងឺអុតស្វា Monkeypox ជាទូទៅពុំដែលកើតមានបញ្ហាសុខភាពអ្វីធ្ងន់ធ្ងរបន្ថែមទៀតនោះទេ។
គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាមេរិកបានរកឃើញករណីអ្នកស្លាប់ដោយជំងឺអុតស្វា Monkeypox ចំនួន ២ករណីហើយ ក្នុងចំណោមករណីឆ្លងសរុបជាង ២២,០០០នាក់ ហើយអាមេរិកគឺជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺអ៊ុត Monkeypox ច្រើនជាងគេនៅលើពិភពលោក។ គិតត្រឹមពេលនេះជំងឺអុតស្វា Monkeypox កំពុងបង្កការចម្លងទៅកាន់មនុស្សជាង ៥៨,០០០នាក់នៅក្នុងប្រទេសចំនួន ៩៥ផ្សេងគ្នាដោយមិនគិតបញ្ចូលបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាហ្រ្វិកនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






