អន្តរជាតិ

សភាអឺរ៉ុបថ្កោលទោសចំពោះសកម្មភាពដែលចិនធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅច្រកសមុទ្រតៃវ៉ាន់

BY
Pheakdey
September 16, 2022

បែលហ្សិក៖ សភាអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញានេះបានចេញសេចក្តីថ្កោលទោសមួយចំពោះសកម្មភាពដែលចិនបានធ្វើសមយុទ្ធយោធាដោយបាញ់គ្រាប់ពិតនៅឯច្រកសមុទ្រតៃវ៉ាន់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានបញ្ជាក់ថា សេចក្តីថ្កោលទោសមួយនេះត្រូវបានធ្វើឡើងតាមរយៈការបោះឆ្នោតដោយសមាជិកសភាអឺរ៉ុបនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ដោយក្នុងនោះមានសំឡេងគាំទ្រឲ្យមានការថ្កោលទោសចំនួន ៤២៤​នាក់ ប្រឆាំងចំនួន ១៤នាក់ ខណៈសមាជិកសភាចំនួន ៤៦នាក់ផ្សេងទៀតបានអវត្តមាន។

នៅក្នុងសេចក្តីថ្កោលទោសនោះសភាអឺរ៉ុបបានបញ្ជាក់ថា ការធ្វើសមយុទ្ធយោធាដោយបាញ់គ្រាប់ពិតរបស់ទីក្រុងប៉េកាំងបានបង្កឲ្យមានអស្ថិរភាពនិងអសន្តិសុខយ៉ាងខ្លាំងនៅច្រកសមុទ្រតៃវ៉ាន់​ ដែលជាផ្លូវទឹកសម្រាប់ដឹកទំនិញដ៏សំខាន់មួយរបស់ពិភពលោក។ សភាអឺរ៉ុបក៏បានបញ្ជាក់ផងដែរថា អឺរ៉ុបនឹងបង្កើនទំនាក់ទំនងជាមួយកោះតៃវ៉ាន់ឲ្យកាន់តែជិតស្និតបន្ថែមទៀត ហើយអឺរ៉ុបនឹងបន្តគាំទ្រតៃវ៉ាន់យ៉ាងពេញទំហឹងក្នុងការស្វែងរកដំណោះស្រាយដ៏ល្អចំពោះភាពតានតឹងដែលទីក្រុងតៃប៉ិមានជាមួយទីក្រុងប៉េកាំងនាពេលកន្លងមក។ សូមរម្លឹកជូនថា ភាពតានតឹងរវាងកោះតៃវ៉ាន់និងប្រទេសចិនបានកើនឡើងកាន់តែខ្លាំង ក្រោយពេលតៃវ៉ាន់បានអញ្ជើញប្រធានសភាអាមេរិកឲ្យមកធ្វើទ​ស្សនកិច្ចលើទឹកដីខ្លួនកាលពីខែមុន ហើយចាប់តាំងពីពេលនោះមកចិនក៏បានផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាបន្តបន្ទាប់នៅចក្រសមុទ្រតៃវ៉ាន់ ហើយក្នុងនោះក៏មានការធ្វើសមយុទ្ធយោធាដោយបាញ់ពិតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

 

 

 

Share This Post: