ហាងកាហ្វេលើផ្លូវរថភ្លើង ដ៏ពេញនិយមនៅទីក្រុងហាណូយ ត្រូវបានបញ្ជាឱ្យបិទ
(ហាណូយ)៖ សាជីវកម្មផ្លូវដែកវៀតណាម បានស្នើឱ្យរដ្ឋាភិបាលគ្រប់គ្រងទាំងស្រុងការលក់កាហ្វេ ភេសជ្ជៈ និងទំនិញផ្សេងទៀតនៅលើផ្លូវរថភ្លើងភាគខាងជើងនៃស្ថានីយ៍ហាណូយ។ ការផឹកភេសជ្ជៈនៅផ្លូវរថភ្លើង នៅក្រុងហាណូយនេះ ជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅក្នុងទីក្រុងហាណូយតាំងពីយូរយារណាស់មកហើយ និងជាកន្លែងពេញនិយមនៅលើបណ្តាញសង្គម។ ទោះយ៉ាងណាក៏ដោយ វាក៏មានគ្រោះថ្នាក់ផងដែរ ព្រោះផ្លូវរថភ្លើងនៅតែដំណើរការ ហើយមានបញ្ហាសន្តិសុខជាមួយភ្ញៀវទេសចរដែលចូលចិត្តអង្គុយ ក្បែរលើផ្លូវរថភ្លើង។

យោងតាម CNN រដ្ឋាភិបាលក្នុងតំបន់ហាណូយ កំពុងប្រកាន់យកនូវភាពរឹងប៉ឹងដោយដកហូតអាជ្ញាប័ណ្ណទាំងអស់សម្រាប់ហាងកាហ្វេ និងអាជីវកម្មផ្សេងទៀតនៅតាមដងផ្លូវរថភ្លើង។ អាជីវកម្មនៅលើផ្លូវរថភ្លើងទាំងអស់មានរយៈពេលរហូតដល់ថ្ងៃទី១៧ ខែកញ្ញាដើម្បីបិទ។ លើសពីនេះ រនាំងនានាត្រូវបានដាក់រួចហើយដើម្បីរារាំងភ្ញៀវទេសចរមិនឱ្យចូលតាមដងផ្លូវ ។ ទោះជាយ៉ាងណាការបិទនេះត្រូវបានជួបជាមួយនឹងប្រតិកម្មចម្រុះពីប្រជាជនដែលរស់នៅ និងក្បែរផ្លូវរថភ្លើង ហើយពឹងផ្អែកលើអ្នកទេសចរសម្រាប់ការរស់នៅ។ ម្ចាស់ហាងកាហ្វេម្នាក់ដែលបានសុំមិនបញ្ចេញឈ្មោះ បានប្រាប់ CNN Travel ថា «វានឹងប្រសើរជាងប្រសិនបើយើង ប្រជាជនក្នុងតំបន់ និងអាជ្ញាធរអាចសហការគ្នាសម្រាប់ការអភិវឌ្ឍន៍ផ្លូវរថភ្លើង»។ ពួកគេបាននិយាយថា ចំណូលពីវិស័យទេសចរណ៍បានជួយលើកកម្ពស់គុណភាពជីវិត និងចិញ្ចឹមសាច់ញាតិ។ម្ចាស់បានបន្ថែមថា «ការបិទនេះនឹងប៉ះពាល់ដោយផ្ទាល់ទៅលើប្រាក់ចំណូលរបស់យើង»។ មិនត្រឹមតែប៉ុណ្ណោះទេ សាជីវកម្មផ្លូវដែកវៀតណាម ដែលប្រតិបត្តិការខ្សែរថភ្លើងនេះ ថ្មីៗនេះបានស្នើថា ការថតរូបភាព ឬថតវីដេអូក្បែរផ្លូវរថភ្លើង គួរតែជាបទល្មើសដែលអាចពិន័យបាន៕


ប្រភព៖ cnn
រូបភាព៖ Zing News/CNN