អន្តរជាតិ

ជំនន់ទឹកភ្លៀងនៅអ៊ីតាលីបានឆក់យកជីវិតពលរដ្ឋយ៉ាងហោចណាស់ ១០នាក់

BY
Pheakdey
September 17, 2022

អ៊ីតាលី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Times នៅព្រឹកថ្ងៃសោរ៍ ទី១៧ ខែកញ្ញានេះបានឲ្យដឹងថា មានទឹកជំនន់ដ៏អាក្រក់មួយបានកើតឡើងនៅតំបន់ Marche ទីក្រុង Ostra នៃប្រទេសអ៊ីតាលី ហើយទឹកជំនន់បានបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិសាធារណៈអស់ជាច្រើននិងធ្វើឲ្យមានមនុស្សស្លាប់មួយចំនួនផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអ៊ីតាលីបានឲ្យដឹងថា ទឹកជំនន់បានកើតមានឡើងយ៉ាងឆាប់រហ័សក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេលប្រមាណជា ២ម៉ោង ខណៈគ្មានអ្នកណាម្នាក់បានគិតដល់ថា ភ្លៀងអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដូចនេះទេ។

របាយការណ៍ចុងក្រោយមួយដែលគេអាចទទួលបានពីក្រុមការងារចុះជួយសង្គ្រោះជនរងគ្រោះគឺគិតត្រឹមពេលនេះមានមនុស្សយ៉ាងហោចណាស់ ១០នាក់ស្លាប់ដោយសារទឹកជំនន់ ពលរដ្ឋជាច្រើននាក់ត្រូវរងរបួសធ្ងន់និងស្រាល ខណៈផ្ទះសម្បែង រថយន្ត និងផ្លូវថ្នល់មួយចំនួនត្រូវរងនូវការបំផ្លាញផងដែរ។ លោក Andrea អាយុ ២៥ឆ្នាំ ជាពលរដ្ឋនៅក្នុងតំបន់កើតហេតុម្នាក់បានប្រាប់ឲ្យដឹងថា​ នាពេលកន្លងមកនៅក្នុងសហគមន៍របស់លោកមិនដែលមានគ្រោះធម្មជាតិធ្ងន់ធ្ងរដូចនេះទេ ហើយលោកគិតថានៅពេលខាងមុខគ្រោះថ្នាក់ធ្ងន់ធ្ងរកម្រិតនេះអាចនឹងកើមានជាច្រើនដងបន្ថែមទៀត ដ្បិតការបំផ្លាញធនធានធម្មជាតិនិងបរិស្ថាននៅជុំវិញពិភពលោកនៅតែបន្តកើតមានកាន់តែអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: