អាជ្ញាធរជប៉ុនណែនាំឲ្យពលរដ្ឋជិត ៨លាននាក់ត្រូវជម្លៀសខ្លួនឲ្យបានឆាប់រហ័ស ដើម្បីរក្សាសុវត្ថិភាពពីព្យុះទីហ្វុងណង់ម៉ាដុល
- BY
- Pheakdey
- September 19, 2022
ជប៉ុន៖ ព្យុះទីហ្វុងណង់ម៉ាដុលបានកំពុងតែបង្កឲ្យមានភ្លៀងធ្លាក់និងខ្យល់បោកបក់យ៉ាងខ្លាំងនៅតំបន់ភាគខាងត្បូងនៃប្រទេសជប៉ុន ខណៈព្យុះមួយនេះត្រូវបានក្រុមអ្នកជំនាញចាត់ទុកថា គឺជាព្យុះដ៏មហាកំណាចដែលអាចបង្កគ្រោះថ្នាក់កម្រិតធ្ងន់ធ្ងរបំផុតមួយផងដែរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហានេះបានបញ្ជាក់ថា នៅចំពោះមុខស្ថានភាពបន្ទាន់នេះអាជ្ញាធរជប៉ុនបានណែនាំឲ្យពលរដ្ឋជិត ៨លាននាក់ត្រូវជម្លៀសខ្លួនឲ្យបានឆាប់រហ័សដើម្បីរក្សាសុវត្ថិភាពពីគ្រោះថ្នាក់ផ្សេងៗដែលអាចបង្កឡើងដោយឥទ្ធិពលព្យុះទីហ្វុងណង់ម៉ាដុល។

គួរបញ្ជាក់ជូនថា ព្យុះទីហ្វុងណង់ម៉ាដុលបានបោកបក់ក្នុងល្បឿនរហូតដល់ ២៣៤គីឡូម៉ែត្រក្នុងមួយម៉ោងនិងបង្កឲ្យមានភ្លៀងធ្លាក់ក្នុងកម្ពស់រហូតដល់ ៥០០មីលីម៉ែត្រ ខណៈគេបានព្យាករណ៍ថាឥទ្ធិពលនៃព្យុះមួយនេះនឹងធ្វើឲ្យដីជាច្រើកន្លែងនៅតំបន់កោះ Kyushu ត្រូវបាក់ស្រុតហើយបំផ្លាញផ្ទះសម្បែងនិងអាគារជាច្រើនកន្លែងផងដែរ។ គួរបញ្ជាក់ជូនថា ពលរដ្ឋដែលត្រូវបានអាជ្ញាធរណែនាំឲ្យធ្វើការជម្លៀសខ្លួនជិត ៨លាននាក់នោះគឺដំណាងឲ្យគ្រួសារប្រមាណជា ៣,៧លានគ្រួសារ ហើយគិតមកត្រឹមពេលនេះគេនៅមិនទាន់ទទួលរបាយការណ៍បង្ហាញថា មានពលរដ្ឋជប៉ុនណាម្នាក់បានរងរបួសដោយសារព្យុះទីហ្វុងណង់ម៉ាដុលនៅឡើយទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






