អន្តរជាតិ

អាជ្ញាធរចិនណែនាំពលរដ្ឋកុំឲ្យប៉ះពាល់ជាមួយជនបរទេសដោយផ្ទាល់ដើម្បីកាត់បន្ថយហានិភ័យក្នុងការឆ្លងជំងឺអ៊ុតស្វា Monkeypox

BY
Pheakdey
September 19, 2022

ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញានេះបានឲ្យដឹងថា មន្ត្រីសុខាភិបាលជាន់ខ្ពស់ចិនបានចេញសេចក្តីណែនាំកុំឲ្យពលរដ្ឋយធ្វើការប៉ះពាល់ដោយផ្ទាល់ជាមួយជនបរទេសក្នុងអំឡុងពេលនេះដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺអ៊ុតស្វា Monkeypox។  សេចក្តីណែនាំជាសាធារណៈនិងមានលក្ខណៈបន្ទាន់នេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលចិនបានរកឃើញករណីមានអ្នកឆ្លងជំងឺអ៊ុតស្វា Monkeypox ម្នាក់ ដែលជាករណីដំបូងនៅក្នុងប្រទេសចិន កាលពីថ្ងៃសុក្រសប្តាហ៍មុន ខណៈករណីឆ្លងនោះគឺជាករណីនាំចូលមកពីក្រៅប្រទេសតាមរយៈអ្នកដំណើរអន្តរជាតិម្នាក់។

បើតាមលោកវេជ្ជបណ្ឌិត Wu Zunyou ប្រធានផ្នែករោគរាតត្បាតប្រចាំនៅមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងចិនបានបញ្ជាក់ថា ប្រសិនបើពលរដ្ឋព្យាយាមអនុវត្តតាមការណែនាំខាងលើឲ្យបានដាច់ខាតក្នុងអំឡុងពេលនេះគឺវាមានន័យថា លទ្ធភាពនៃការចម្លងមេរោគបន្តទៀតនៅក្នុងសហគមន៍មានតិចតួចខ្លាំងណាស់។ យ៉ាងណាក្តី បើពលរដ្ឋមិនបានចូលអនុវត្តតាមការណែនាំរបស់អាជ្ញាធរនោះទេ ការរាតត្បាតជំងឺអ៊ុតស្វា Monkeypox ទ្រង់ទ្រាយធំនៅក្នុងសហគមន៍ចិនអាចនឹងកើតមានឡើងជាមិនខាន។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សជាង ៦០,០០០នាក់នៅក្នុងប្រទេសចំនួន ៩៧ផ្សេងគ្នាដោយមិនគិតបញ្ចូលបណ្តាលប្រទេសនៅក្នុងតំបន់អាហ្វ្រិកនោះទេ៕

លោកវេជ្ជបណ្ឌិត Wu Zunyou

អត្ថបទ៖ ភក្តី

ប្រភព៖​ The Strait Times

 

Share This Post: