អន្តរជាតិ

មូលធិនិសកល Global Fund ប្រកាសរកជំនួយ ១៨ពាន់លានដុល្លារដើម្បីបញ្ចប់ជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់នៅត្រឹមឆ្នាំ ២០៣០

BY
Pheakdey
September 22, 2022

អាមេរិក៖ មូលធិនិសកល Global Fund បានប្រកាសស្វែងរកជំនួយក្នុងទំហំទឹកប្រាក់ចំនួន ១៨ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីបញ្ចប់ការចម្លងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ បាងកកប៉ុស្តិ៍ ។ សេចក្តីអំអាវនាវខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលនៃការរៀបចំសន្និសិទមួយពីសំណាក់ប្រទេសជាម្ចាស់ជំនួយជាច្រើនដែលត្រូវបានដឹកនាំដោយសហរដ្ឋអាមេរិក ខណៈសន្និសិទប្រចាំឆ្នាំមួយនេះត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងញូវយក សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី២១​ ខែកញ្ញាកន្លងទៅនេះ។

បើតាមលោក Francoise Vanni ដែលជាអ្នកនាំពាក្យឲ្យមូលនិធិ Global Fund បានបញ្ជាក់ថា តាមគម្រោងគឺគេនឹងបញ្ចប់ការចម្លងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់នៅត្រឹមឆ្នាំ ២០៣០ ខាងមុខនេះ​ បើទោះជាបច្ចុប្បន្ននេះពិភពលោកកំពុងរវល់ទប់ទល់ជាមួយនឹងការរាតត្បាតជំងឺកូវីដ-១៩ និងជំងឺអ៊ុតស្វា Monkeypox ក៏ដោយ។ អ្នកនាំពាក្យឲ្យមូលនិធិសកលរូបនេះបានបន្តទៀតថា ចំពោះទឹកប្រាក់ចំនួន ១៨ ពាន់ដុល្លារដុល្លារដែលគ្រោងនឹងប្រើប្រាស់ក្នុងពេលខាងមុខនេះគឺនឹងត្រូវរៃអង្គាសពីបណ្តាប្រទេសអ្នកមានជាច្រើននៅជុំវិញពិភពលោក ក្នុងនោះអាមេរិកបានសន្យាថានឹងបរិច្ចាគប្រាក់ចំនួន ៦ពាន់លានដុល្លារ ប្រទេសជប៉ុននឹងបរិច្ចាគប្រាក់ចំនួន ១,០៨ ពាន់លានដុល្លារ ខណៈប្រទេសអាឡឺម៉ង់នឹងបរិច្ចាគប្រាក់ចំនួន ១,៣ ពាន់លានអឺរ៉ូ (១,២៧លានដុល្លារអាមេរិក)៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: