អន្តរជាតិ

ជប៉ុនប្រកាសលុបចោលវិធានការកូវីដ-១៩តឹងរឹងចំពោះគ្រប់អ្នកដំណើរចាប់ពីថ្ងៃទី១១ ខែតុលាខាងមុខនេះ

BY
Pheakdey
September 23, 2022

ញូវយ៉ក៖ ប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញាម្សិលមិញនេះបានជូនដំណឹងថា នឹងលុបចោលវិធានការតឹងរឹងដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ចំពោះគ្រប់អ្នកដំណើរអន្តរជាតិទាំងអស់ចាប់ពីថ្ងៃទី ១១ ខែតុលាខាងមុខនេះតទៅ។ សេចក្តីជូនដំណឹងនេះត្រូវបានធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក្នុងឱកាសដែលរូបលោកបានអញ្ជើញទៅចូលរួមក្នុងពិធីសន្និសិទមួយនៅមជ្ឈមណ្ឌល New York Stock Exchange ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ក្រៅតែពីបានប្រកាសលើកលែងការរឹតបន្តឹងចំពោះវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩​ហើយ លោកនាយកដ្ឋមន្ត្រីជប៉ុនក៏បានប្រកាសអំពីការអនុវត្តឡើងវិញនូវវិធានការលើកលែងទិដ្ឋាការរវាងប្រទេសជប៉ុននិងអាមេរិកផងដែរ ពោលគឺមានន័យថាពលរដ្ឋអាមេរិកនិងពលរដ្ឋជប៉ុនអាចធ្វើដំណើរចេញចូលក្នុងប្រទេសទាំង ២នេះដោយមិនចាំបាច់ស្នើសុំទិដ្ឋាការជាមុននោះទេ។ សូមបញ្ជាក់ជូនថា នេះជាលើកទីមួយហើយដែលជប៉ុនសម្រេចបើកប្រទេសជាធម្មតាឡើងវិញ បើគិតចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩ក្នុងរយៈពេលជាង ២ឆ្នាំកន្លះមកនេះ  ខណៈនាពេលកន្លងមកអ្នកដែលត្រូវធ្វើដំណើរទៅកាន់ប្រទេសជប៉ុនត្រូវអនុវត្តវិធានការកូវីដ-១៩ យ៉ាងតឹងរឹងបំផុត៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

 

 

 

Share This Post: