អន្តរជាតិ

ថៃទាញសញ្ញាអាសន្នកម្រិតខ្ពស់ចំពោះព្យុះទីហ្វូងណូរូដែលអាចនឹងវាយប្រហារតំបន់ភាគឦសានប្រទេសនៅថ្ងៃស្អែកនេះ

BY
Pheakdey
September 28, 2022

ថៃ៖ អាជ្ញាធរថៃបានទាញសញ្ញាអាសន្នកម្រិតខ្ពស់មួយចំពោះព្យុះទីហ្វូងណូរូដែលអាចនឹងវាយប្រហារតំបន់ភាគឦសានប្រទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញានេះ។ បើតាមនាយកដ្ឋានឧតុនិយមថៃ​បានធ្វើការព្យាករណ៍ថា ព្យុះទីហ្វូងណូរូអាចនឹងធ្វើដំណើរមកដល់តំបន់ភាគភាគឦសានប្រទេសថៃនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញានេះ ហើយខេត្តដែលអាចរងនូវការវាយប្រហាររួមមានខេត្ត Ubon Ratchathani និងខេត្ត Amnat Charoen។

នាយកដ្ឋានឧតុនិយមថៃ​បានបន្តថា ព្យុះនឹងបន្តធ្វើដំណើរទៅដល់តំបន់ភាគខាងជើងប្រទេសថៃ និងអាចបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ Central Plains Region, ខេត្ត Si Sa Ket ខេត្ត Surin និងខេត្ត Buri Ram។ គួរបញ្ជាក់ជូនថា ព្យុះទីហ្វូងណូរូត្រូវបានគេចាត់ទុកថា ជាព្យុះដ៏កំណាចមួយនៅក្នុងឆ្នាំ ២០២២នេះ ហើយពេលនេះព្យុះកំពុងបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម ដោយបានបង្ខំឲ្យពលរដ្ឋវៀតណាមប្រមាណជា ២៦០,០០០នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ ហើយព្រលានយន្តហោះជាច្រើននៅតំបន់កណ្តាលប្រទេសវៀតណាមត្រូវបិទទ្វារផ្អាកដំណើរការជាបណ្តោះ ។ ដោយឡែកកាលពីសប្តាហ៍មុនព្យុះទីហ្វូងណូរូក៏បានវាយប្រហារប្រទេសហ្វីលីពីនផងដែរ ដោយឥទ្ធិពលរបស់ព្យុះបានយកជីវិតពលរដ្ឋហ្វីលីពីនចំនួន ៦នាក់ និង ៧៤,០០០នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនជាបន្ទាន់៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: