ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋថៃជាង ៤,០០០នាក់បានធ្វើការជម្លៀសខ្លួនជាបណ្តោះអាសន្នដើម្បីរក្សាសុវត្ថិភាពពីព្យុះទីហ្វូងណូរូ

    BY Pheakdey September 29, 2022
    ពលរដ្ឋថៃជាង ៤,០០០នាក់បានធ្វើការជម្លៀសខ្លួនជាបណ្តោះអាសន្នដើម្បីរក្សាសុវត្ថិភាពពីព្យុះទីហ្វូងណូរូ

    ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញានេះបានឲ្យដឹងថា មានពលរដ្ឋថៃជាង ៤,០០០នាក់បានធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបណ្តោះអាសន្នដើម្បីរក្សាសុវត្ថិភាពពីព្យុះទីហ្វូងណូរូ។ ព្យុះទីហ្វូងណូរូបានធ្វើដំណើរទៅដល់ប្រទេសថៃកាលយប់ថ្ងៃពុធឆ្លងចូលថ្ងៃព្រហស្បតិ៍នេះ និងកំពុងតែបង្កការគំរាមគំហែងក្នុងកម្រិតដ៏ខ្ពស់មួយនៅតំបន់ភាគភាគឦសាននៃប្រទេសថៃ។ ឥទ្ធិពលនៃខ្យល់ព្យុះបានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈកម្ពស់ទឹកទន្លេនៅតាមតំបន់ក្នុងភាគភាគឦសានប្រទេសថៃបានឡើងខ្ពស់ស្រាប់ទៅហើយ។

    បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយថៃបានបញ្ជាក់ថា ពលរដ្ឋដែលបានធ្វើការជម្លៀសខ្លួនទាំងអស់នោះគឺជាពលរដ្ឋរស់នៅក្នុងខេត្ត Ubon Ratchathani មានចំនួនជាក់ស្តែង ៤,១៦៩នាក់ ខណៈព្យុះកំពុងបង្កការគំរាមគំហែងនៅក្នុងខេត្តចំនួន ១២ផ្សេងទៀតនៅតំបន់ភាគភាគឦសាននិងតំបន់ភាគខាងជើងនៃប្រទេសថៃ។ បើតាមនាយ​កដ្ឋានឧតុនិយមថៃបានព្រមានថា ទឹកជំនន់ក៏អាចកើតមាននៅតាមតំបន់ខាងលើនេះផងដែរ ពោលគឺជាជំនន់ទឹកភ្លៀងដែលអាចបង្កហានិភ័យក្នុងរយៈពេលខ្លី។ គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បញ្ជាក់ថា មានអ្នករងរបួសឬស្លាប់នៅឡើយទេ ខណៈផលដំណាំរបស់ប្រជាកសិករក្នុងផ្ទៃប្រមាណជា ៩៩,០០០រ៉ៃត្រូវបានរាយការណ៍ថា បានរងនូវការខូចខាត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

     

    Share This Post: