ឥណ្ឌូនេស៊ីអនុម័តប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតនៅក្នុងស្រុកជាលើកដំបូង
- BY
- Pheakdey
- September 29, 2022
ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីបានអនុម័តឲ្យមានការប្រើប្រាស់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ផលិតនៅក្នុងស្រុកជាលើកដំបូងហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីយប់ថ្ងៃពុធ ទី២៨ ខែកញ្ញានេះ។ វ៉ាក់សាំងកូវីដ-១៩ ដែលផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីនោះមានឈ្មោះថា Indovac ត្រូវបានផលិតឡើងដោយក្រុមហ៊ុនរដ្ឋឥណ្ឌូនេស៊ីមានឈ្មោះថា Bio Farma សហការណ៍ជាមួយសាកលវិទ្យាល័យសុខាភិបាល Baylor ដែលមានទីតាំងស្ថិតនៅក្នុងក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក។
បើតាមលោក Penny Lukito ដែលជាប្រធានទីភ្នាក់ងារគ្រប់គ្រងចំណីអាហារនិងឱសថនៃប្រទេសឥណ្ឌូនេស៊ីបានបញ្ជាក់ថា វ៉ាក់សាំង Indovac នឹងត្រូវអនុញ្ញាតឲ្យប្រើប្រាស់ចំពោះពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ និងសម្រាប់តែប្រជាពលរដ្ឋនៅក្នុងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះសម្រាប់នៅក្នុងដំណាក់កាលដំបូងនេះ។ ប្រធានទីភ្នាក់គ្រប់គ្រងចំណីអាហារនិងឱសថរូបនេះបានបន្តថា នៅក្នុងឆ្នាំ ២០២២នេះអាជ្ញាធរឥណ្ឌូនេស៊ីគ្រោងនឹងផលិតវ៉ាក់សាំង Indovac ឲ្យបានចំនួន ២០លានដូស និងបន្តផលិតឲ្យបានរហូតដល់ ១០០លានដូសនៅក្នុងឆ្នាំ ២០២៤៕
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post: