អន្តរជាតិ

ពលរដ្ឋរុស្ស៊ីរាប់សែននាក់បន្តចាកចេញពីប្រទេសកំណើត ដើម្បីគេចចេញពីការកែនទ័ពយកទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន

BY
Pheakdey
September 29, 2022

រុស្ស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋរុស្ស៊ីចំនួន ២០០,០០០នាក់បានសម្រេចចាកចេញពីប្រទេសកំណើតរបស់ខ្លួនដើម្បីគេចចេញពីការកែនទ័ព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញានេះ។ តួលេខខាងលើនេះត្រូវបានផ្តល់ជូនដោយបណ្តាប្រទេសជិតខាងរបស់រុស្ស៊ី ហើយវាគឺជារបាយការណ៍នៃជាការបូកសរុបចំនួនពលរដ្ឋរុស្ស៊ីដែលបានសម្រេចចិត្តចាកចេញពីប្រទេសកំណើតនៅក្នុងរយៈពេលត្រឹមតែ ១សប្តាហ៍ចុងក្រោយនេះក្រោមហេតុផលចម្បងមួយ គឺពួកគេមិនចង់ចូលបម្រើក្នុងជួរកងទ័ពរុស្ស៊ីនោះទេ។

គួររម្លឹកជូនថា កាលពីថ្ងៃទី២១ ខែកញ្ញាកន្លងទៅ លោកប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន បានប្រកាសថា រដ្ឋាភិបាលរុស្ស៊ីត្រូវការកងទ័ពចំនួន ៣០០,០០០នាក់បន្ថែមទៀត ដើម្បីយកទៅធ្វើសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន ហើយទ័ពថ្មីទាំង ៣០០,០០០នាក់នោះនឹងត្រូវធ្វើការកែនចេញពីពលរដ្ឋពេញវ័យរុស្ស៊ី ដែលនាពេលបច្ចុប្បន្នមានចំនួនសរុបប្រមាណជា ២៥លាននាក់។ ក្រោយមានការប្រកាសកែនទ័ពខាងលើនេះ ពលរដ្ឋរុស្ស៊ីដែលមិនចង់ចូលបម្រើកងទ័ពបានសម្រេចចាកចេញពីប្រទេសកំណើតជាបន្តបន្ទាន់​ ហើយប្រទេសទី ២ដែលពួកគេបានភៀសខ្លួនទៅនោះរួមមាន ប្រទេសម៉ុងហ្គោលី ប្រទេសកាហ្សាក់ស្ថាន ប្រទេសហ្សកហ្ស៊ី និងប្រទេសហ្វាំងឡង់ជាដើម៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

 

 

 

 

 

Share This Post: