អន្តរជាតិ

ព្យុះ Hurricane Ian បានផ្តាច់យកជីវិតពលរដ្ឋគុយបាចំនួន៣នាក់ ខណៈ ១១លាននាក់ផ្សេងទៀតកំពុងរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់អស់រយៈពេលថ្ងៃមកហើយ

BY
Pheakdey
September 30, 2022

គុយបា៖ ឥទ្ធិពលនៃខ្យល់ព្យុះ Hurricane Ian បានកំពុងតែបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងប្រទេសគុយបា នេះបើយោងតាមចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែកញ្ញានេះ។ ព្យុះ Hurricane Ian បានបង្កឲ្យមានខ្យល់បោកបក់និងភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតាមតំបន់ជាច្រើនក្នុងប្រទេសគុយបា ហើយស្ថានភាពនេះក៏បានជំរុញឲ្យមានជំនន់ទឹភ្លៀងនិងការបាក់ស្រុតដីនៅតាមតំបន់មួយចំនួនផងដែរ។​ ចរន្តអគ្គិសនីឆ្ពោះទៅកាន់តំបន់កោះមួយចំនួនត្រូវបានកាត់ផ្តាច់ ដែលបង្ខំឲ្យរាប់លានត្រូវរស់នៅដោយគ្មានភ្លើងប្រើប្រាស់អស់រយៈពេលប្រមាណជា ៣ថ្ងៃមកហើយ។

បើយោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសគុយបាបានបញ្ជាក់ថា គិតមកត្រឹមពេលនេះអាជ្ញាធរបានតភ្ជាប់ចរន្តអគ្គិសនីឡើងវិញទៅកាន់តំបន់មួយចំនួន​រួចហើយ ខណៈនៅមានពលរដ្ឋប្រមាណជា ១១លាននាក់ដែលត្រូវបន្តរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់បន្តិចទៀតសិន។ ចំពោះស្ថានភាពជនរងគ្រោះវិញគឺគិតត្រឹមពេលនេះព្យុះ Hurricane Ian បានឆក់យកជីវិតពលរដ្ឋគុយបាអស់ចំនួន ៣នាក់ និងបង្កឲ្យមានអ្នករងរបួសមួយចំនួនផងដែរ តែមិនស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរគួរឲ្យបារម្ភនោះទេ។ ជាងនេះទៀតឥទ្ធិពលរបស់ខ្យល់ព្យុះ Hurricane Ian ក៏បានបំផ្លាញផលដំណាំរបស់ប្រជាកសិករគុយបា បំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិសាធារណៈអស់មួយចំនួនផងដែរ តែអាជ្ញាធរគុយបាមិនបានបញ្ជាក់ច្បាស់ពីទំហំនៃការខូចខាត ថាមានតម្លៃជាប្រាក់ប៉ុន្មាននោះទេ៕

  

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: