អន្តរជាតិ

ខ្យល់ព្យុះ Ian បានឆក់យកជីវិតពលរដ្ឋអាមេរិកម្នាក់ ខណៈផ្ទះនិងហាងជាង ២,៦លានកន្លែងនៅរដ្ឋផ្លរីដាត្រូវកាត់ផ្តាច់អគ្គិសនីទាំងស្រុង

BY
Pheakdey
September 30, 2022

សហរដ្ឋអាមេរិក៖ របាយការណ៍ចុងក្រោយ​មួយស្តីពីការវាយប្រហាររបស់ខ្យល់ព្យុះ Ian ទៅលើរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ​ ទី៣០ ខែកញ្ញានេះបានបញ្ជាក់ថា ឥទ្ធិពលនៃខ្យល់ព្យុះបានឆក់យកជីវិតពលរដ្ឋអាមេរិកយ៉ាងហោចណាស់ម្នាក់ ខណៈពលរដ្ឋមួយចំនួនទៀតបានរងរបួសស្រាលផងដែរ។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាបុរសអាយុ ៧២ឆ្នាំ រស់នៅក្នុងតំបន់ដេលតូណាភាគកណ្តាលនៃរដ្ឋផ្លរីដា ដែលបានស្លាប់ក្នុងអំឡុងពេលរូបគាត់កំពុងព្យាយាមទៅបង្ហូរទឹកចេញពីអាងហែងទឹកនៅក្រៅផ្ទះ ដើម្បីការពារកុំឲ្យមានទឹកជន់លិចចូលក្នុងផ្ទះ។

បើតាមលោក Ron DeSantis ដែលជាអភិបាលរដ្ឋផ្លរីដាបានបញ្ជាក់ថា ចំនួនជនរងគ្រោះអាចមានច្រើនជាងតួលេខខាងលើ តែគិតត្រឹមពេលនេះគេ​នៅមិនទាន់អាចធ្វើការបូកសរុបនិងធ្វើការកំណត់អត្តសញ្ញាណឲ្យបានច្បាស់លាស់នៅឡើយទេ ដ្បិតព្យុះកំពុងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងជំរុញឲ្យមានទឹកជំនន់នៅក្នុងតំបន់សំខាន់ៗជាច្រើនផងដែរ។ លោកអភិបាលរដ្ឋផ្លរីរូបនេះបានបន្តថា គិតត្រឹមពេលនេះគឺមានផ្ទះសម្បែងនិងហាងលក់ដូរប្រមាណជា ២,៦លានកន្លែងត្រូវកាត់ផ្តាច់អគ្គិសនីទាំងស្រុងមួយរយៈសិន។

គួរបញ្ជាក់ថា ខ្យល់ព្យុះ Ian ត្រូវបានគេចាត់ទុកថា ជាព្យុះដែលមានគ្រោះថ្នាក់ខ្ពស់បំផុតមួយសម្រាប់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០២២ នេះ ដោយខ្យុះមួយនេះបានបោកបក់ក្នុងល្បឿនរហូតដល់ ២៤១គីឡូម៉ែត្រក្នុងមួយម៉ោង ហើយខណៈពេលនេះព្យុះបានបន្តដំណើរចូលទៅកាន់រដ្ឋកាលីហ្វ័រញ៉ា ដែលជារដ្ឋដ៏សំខាន់មួយរបស់អាមេរិកផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: