អន្តរជាតិ

ប៉ូលិសឥណ្ឌូនេស៊ីកំពុងរងនូវការរិះគន់យ៉ាងខ្លាំងជុំវិញករណីហិង្សានៅកីឡដ្ឋានបាល់ទាត់ បណ្តាលឲ្យអ្នកគាំទ្រ ១២៥បាត់បង់ជីវិត និង ៣២៣នាក់រងរបួស

BY
Pheakdey
October 3, 2022

ឥណ្ឌូនេស៊ី៖ ក្រុមប៉ូលិសឥណ្ឌូនេស៊ីដែលជាប់ទាក់ទងក្នុងការបង្ក្រាបអំពើហិង្សានៅក្នុងនៅក្នុងកីឡដ្ឋានបាល់ទាត់ក្នុងទីក្រុង Malang កំពុងទទួលរងនូវការរិះគន់យ៉ាងខ្លាំង ​ខណៈហេតុ​ការណ៍អកុសលនោះបានបណ្តាលឲ្យមានជនរងគ្រោះដែលជាអ្នកគាំទ្រក្លឹបបាល់ទាត់ចំនួន ១២៥នាក់បានស្លាប់បាត់បង់ជីវិត និង ៣២៣នាក់ផ្សេងទៀតរងរបួសធ្ងន់។ គួរបញ្ជាក់ជូនថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ ផ្តើមឡើងដោយក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ Arema FC ដែលបានលេងចាញ់ក្រុមភ្ញៀវគឺក្រុមបាល់ទាត់ Persebaya Surabaya ក្នុងលទ្ធផល ៣-២។ ក្រោយបានឃើញក្រុមបាល់ទាត់ Arema FC ចាញ់ការប្រកួតទាំងមិនអស់ចិត្ត ក្រុមអ្នកគាំទ្រមួយចំនួនក៏បានសម្រុករត់ក្នុងទីលានដើម្បីសម្តែងនូវការមិនពេញចិត្ត ហើយភាពចលាចលក៏ផ្តើមកើតមានយ៉ាងខ្លាំងតែម្តង។

ភាគច្រើននៃជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតគឺបានស្លាប់ដោយសារតែការរត់ជាន់គ្នា ខណៈជនរងគ្រោះខ្លះក៏បានស្លាប់ក្នុងដៃរបស់ក្រុមកីឡាករផងដែរ។ សាធារណៈជននិងក្រុមអ្នករងរបួសនៅក្នុងហេតុការណ៍នេះភាគច្រើន បានរិះគន់ថា ក្រុមប៉ូលិសបានធ្វើសកម្មភាពលើសពីតួនាទីរបស់ពួកគាត់ ហើយរឿងដែលបង្កឲ្យមានភាពចលាចលខ្លាំងបំផុតនោះគឺការសម្រេចបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងកីឡដ្ឋានដែលធ្វើឲ្យស្រ្តី កុមារ និងអ្នកចូលទស្សនាទូទៅ ពោលគឺជាអ្នកក្រុមគាំទ្រដែលមិនបានប​ង្កអំពើហិង្សាក៏ត្រូវស្ថិតនៅក្នុងស្ថានភាពអាសន្ននិងមិនអាចរកផ្លូវចេញកីឡាដ្ឋានបានដោយសុវត្ថិភាពដែរ។

យ៉ាងណាក្តីក្រុមប៉ូលិសបានបញ្ជាក់ថា ការសម្រេចបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងការបង្ក្រាបកម្រិតធ្ងន់នោះត្រូវបានធ្វើឡើង ក្រោយមានប៉ូលិសចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតក្នុងអំពើហិង្សា ហើយបើប៉ូលិសមិនសម្រេចធ្វើដូចនេះទេគឺមិនអាចគ្រប់គ្រងស្ថានភាពបាននោះទេ។ ក្នុងអំឡុងពេលនេះពេលនេះប៉ូលិសជំនាញឥណ្ឌូនេស៊ីកំពុងបើកការស៊ើបអង្កេតយ៉ាងលម្អិតជុំវិញករណីនេះហើយ ខណៈគិតត្រឹមពេលនេះការដាក់បន្ទុកទៅលើអ្នកណាម្នាក់ឬការពិន័យយ៉ាងនោះនៅមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ។

សូមបញ្ជាក់ជូនថា តួលេខអ្នកស្លាប់ខាងលើនេះជាតួលេខជាក់ស្តែងចុងក្រោយដែលអាជ្ញាធរអាចប្រមូលបានពីតាមមន្ទីរពេទ្យ ហើយតួលេខនេះមានចំនួនតិចជាងការប្រកាសនាពេលកន្លងមក ដ្បិតភ្លាមៗក្រោយពេលកើតហេតុគឺមានការរាប់ចំនួនជនរងគ្រោះដោយស្ទួនឈ្មោះគ្នា៕

    

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: