អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយព្យុះ Ian នៅអាមេ​រិកបន្តកើនឡើងដល់ ៨៧នាក់ ខណៈទំហំនៃខូចខាតមានតម្លៃរាប់ពាន់លានដុល្លារ

BY
Pheakdey
October 3, 2022

សហរដ្ឋអាមេរិក៖ តួលេខពលរដ្ឋអាមេរិកដែលបានស្លាប់ដោយសារព្យុះ Ian បានបន្តរកើនឡើងរហូតដល់ ៨៧នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារ​ព័ត៌មាន NBC News នៅព្រឹកថ្ងៃចន្ទ ទី៣ ខែតុលានេះ។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានជនរងគ្រោះចំនួន ៨៣នាក់ជាពលរដ្ឋរស់នៅក្នុងរដ្ឋផ្លរីដា និង ៤នាក់ផ្សេងទៀតជាពលរដ្ឋរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ខណៈទំហំនៃការខូចខាតវិញគឺគិតត្រឹមពេលនេះអាចមានតម្លៃខ្ទង់រាប់ពាន់ដុល្លារឯណោះ។

បើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយអាមេរិកបានបញ្ជាក់ថា តួលេខអ្នកស្លាប់បាត់បង់ជីវិតខាងលើនេះគឺជារបាយការណ៍ចុងក្រោយដោយគិតត្រឹមថ្ងៃអាទិត្យ ទី២ ខែតុលាម្សិលមិញនេះ ខណៈ​តួលេខនេះអាចបន្តកើនឡើងផងដែរ ដ្បិតនៅពេលនេះជំនន់ទឹកភ្លៀងនៅកំពុងបង្កការគំរាមគំហែងខ្លាំងនៅឡើយ។ ជុំវិញករណីនេះមន្ត្រីទទួលបន្ទុកផ្នែកជួយសង្គ្រោះជនរងគ្រោះកំពុងរងនូវការរិះគន់យ៉ាងខ្លាំងចំពោះរបៀបនៃការឆ្លើយតបនឹងបញ្ហាបន្ទាន់ ដែលពលរដ្ឋជាច្រើនបានអះអាងថា មានភាពយឺតយ៉ាវនិងមិនសូវមានប្រសិទ្ធភាពនោះទេ។ សូមបញ្ជាក់ថា ខ្យល់ព្យុះ Ian ត្រូវបានគេចាត់ទុកថា ជាព្យុះដែលមានគ្រោះថ្នាក់ខ្ពស់បំផុតមួយសម្រាប់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០២២ នេះ ដោយព្យុះមួយនេះបានបោកបក់ក្នុងល្បឿនរហូតដល់ ២៤១គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងទឹកជំនន់ក្នុងពេលដ៏ឆាប់រហ័សផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ NBC News

Share This Post: