អន្តរជាតិ

របាយការណ៍ចុងក្រោយមួយបញ្ជាក់ថា មានកុមាររហូតដល់ ៣២នាក់បានបាត់បង់ជីវិតក្នុងករណីរត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់ឥណ្ឌូនេស៊ីក្នុងនោះមានកុមារខ្លះអាយុត្រឹម ៣-៤ឆ្នាំប៉ុណ្ណោះ

BY
Pheakdey
October 4, 2022

ឥណ្ឌូនេស៊ី៖ របាយការណ៍ចុងក្រោយដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៤ ខែតុលានេះបានបញ្ជាក់ថា ចំនួនពលរដ្ឋឥណ្ឌូនេស៊ីជាកូនក្មេងដែលបានស្លាប់នៅក្នុងហេតុការណ៍រត់ជាន់គ្នានៅក្នុងកីឡដ្ឋានបាល់ទាត់ មានចំនួនរហូតដល់ ៣២នាក់ឯណោះ ខណៈនាពេលកន្លងមកតួលេខនេះត្រូវបានគេរាយការណ៍ថាមានត្រឹម ១៧នាក់ប៉ុណ្ណោះ។

គួរកត់សម្គាល់ថា របាយការណ៍ចុងក្រោយស្តីពីស្ថានភាពជនរងគ្រោះហាក់មានការប្រែប្រួលបន្តិចបើធៀបទៅនឹងរបាយការណ៍បឋម ដ្បិតជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងៗគ្នាក្នុងស្ថានភាពបន្ទាន់បំផុត ហើយការផ្តល់ទិន្នន័យភ្លាមៗពីខាងមន្ទីរពេទ្យមកកាន់អាជ្ញាធរក៏មានលក្ខណៈមិនច្បាស់លាស់ ១០០%ដែរ ដូចជាពេលខ្លះមានការរាយការ​ណ៍អំពីអ្នកស្លាប់ស្ទួនឈ្មោះគ្នាដែលធ្វើឲ្យតួលេខច្រើនជាងចំនួនជាក់ស្តែង ខណៈខាងមន្ទីរខ្លះបានរាយការណ៍ត្រឹមមានអ្នកស្លាប់តែមិនបញ្ជាក់ថា ជាកូនក្មេងឬជាមនុស្សចាស់នោះទេ។

យ៉ាងណាក្តី គិតត្រឹមពេលនេះនៅក្នុងរបាយការណ៍ចុងក្រោយដែលអាជ្ញាធរឥណ្ឌូនេស៊ីអាចទទួលបានគឺមាន អ្នករងរបួសចំនួន ៣២៣នាក់ អ្នកស្លាប់មានចំនួន ១២៥នាក់ក្នុងនោះមានកុមារចំនួន ៣២នាក់ ហើយក្នុងចំណោមអ្នកស្លាប់ជាកុមារនោះទៀតសោធគឺមានក្មេងខ្លះមានអាយុត្រឹមតែ ៣-៤ឆ្នាំប៉ុណ្ណោះ។

គួររម្លឹកជូនថា ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ ផ្តើមឡើងដោយក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ Arema FC ដែលបានលេងចាញ់ក្រុមភ្ញៀវគឺក្រុមបាល់ទាត់ Persebaya Surabaya ក្នុងលទ្ធផល ៣-២ ហើយក្រោយបានឃើញក្រុមបាល់ទាត់ដែលខ្លួនគាំទ្រលេងចាញ់ទាំងមិនអស់ចិត្ត ក្រុមអ្នកគាំទ្រមួយចំនួនក៏បានសម្រុករត់ចូលក្នុងទីលានដើម្បីសម្តែងនូវការមិនពេញចិត្ត ហើយភាពចលាចលក៏ផ្តើមកើតមានយ៉ាងខ្លាំងតែម្តង។​​ គិតរហូតមកទល់នឹងពេលនេះការដាក់បន្ទុកទៅលើអ្នកណាម្នាក់ឬការពិន័យយ៉ាងនោះនៅមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: