អន្តរជាតិ

មុខងារ Crash Detection របស់ iPhone 14 បានរាយការណ៍ទៅប៉ូលីសភ្លាមៗ ក្រោយម្ចាស់ទូរស័ព្ទបានបើករថយន្តជ្រុលចង្កូតទៅបុកដើមឈើនៅសហរដ្ឋអាមេរិក

BY
Pheakdey
October 4, 2022

អាមេរិក៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងនៅក្នុងទីក្រុង Lincoln រដ្ឋ Nebraska សហរដ្ឋអាមេរិក កាលចុងសប្តាហ៍កន្លងទៅ ខណៈតាមរយៈហេតុការណ៍អកុសលនេះបានបង្ហាញឲ្យឃើញនូវមុខងារដ៏ពិសេសមួយរបស់ទូរស័ព្ទ iPhone 14 គឺមុខងាររាយការណ៍អំពីគ្រោះថ្នាក់បន្ទាន់ដោយស្វ័យប្រវត្តិទៅកាន់អាជ្ញាធរ។ បើយោងតាមការចុះផ្សាយរបស់របស់បណ្តាញសារព័ត៌មាន Daily Mail នៅថ្ងៃចន្ទ ទី៣ ខែតុលានេះបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់បានបង្កឡើងដោយមានរថយន្តទំនើបប្រភេទ Honda Accord​ មួយគ្រឿងបើកបរយ៉ាងលឿនហើយបានជ្រុលចង្កូតទៅបុកដើមឈើមួយដើមយ៉ាងពេញទំហឹង នៅម៉ោងប្រមាណជា ២ និង ១៥នាទីយប់រំលងអាធ្រាតនៃថ្ងៃអាទិត្យកន្លងទៅ។

នៅក្នុងរថយន្តហោះមានផ្ទុកមនុស្សសរុបចំនួន ៦នាក់ មានអាយុជាង ២០ឆ្នាំ ហើយក្នុងនោះក៏មានជនរងគ្រោះម្នាក់ជាស្រ្តីផងដែរ។ បើតាមអាជ្ញាធរអាមេរិកទទួលបន្ទុកនៅតំបន់កើតហេតុបានបញ្ជាក់ថា ក្រោយគ្រោះថ្នាក់បានកើតឡើង អាជ្ញាធរក៏បានទទួលដំណឹងភ្លាមៗផងដែរ ដោយដំណឹងត្រូវបានផ្តល់ជូនតាមរយៈមុខងារ Crash Detection Feature​ ដែលមាននៅក្នុងទូរស័ព្ទ iPhone 14 ពោលគឺក្រោយកើតហេតុភ្លាម ទូរស័ព្ទ iPhone 14 របស់ជនរងគ្រោះក៏បានតេទៅកាន់លេខ ៩១១ ភ្លាមតែម្តង ហើយអាជ្ញាធរក៏អាចកំណត់ទីតាំងកើតហេតុបានភ្លាមផងដែរតាមរយៈការពិនិត្យមើលទីតាំងនៃទូរស័ព្ទរបស់ជនរងគ្រោះ។

យ៉ាងណាក្តី បើទោះជាអាជ្ញាធរអាចទទួលដំណឹងពីគ្រោះថ្នាក់និងអាចទៅដល់ទីតាំងកើតហេតុយ៉ាងឆាប់រហ័សក៏ដោយ តែគ្រោះថ្នាក់នោះមានលក្ខណៈធ្ងន់ធ្ងរខ្លាំងណាស់ ហើយជនរងគ្រោះទាំងអស់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ គួរបញ្ជាក់ជូនថា រថយន្តគ្រោះថ្នាក់ខាងលើនេះបានផ្ទុកមនុស្សលើសចំណុះម្នាក់ ដោយរថយន្តមានកៅអីសម្រាប់តែមនុស្ស ៥នាក់ប៉ុណ្ណោះ ខណៈជនរងគ្រោះសរុបមានរហូតដល់ ៦នាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Daily Mail

Share This Post: