កូរ៉េខាងត្បូងនិងអាមេរិកបាញ់មីស៊ីលរួមគ្នា ដើម្បីឆ្លើយតបនឹងកូរ៉េខាងជើងដែលបានបាញ់មីស៊ីលរំលងជប៉ុន
- BY
- Pheakdey
- October 5, 2022
កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានរួមគ្នាធ្វើការបាញ់មីស៊ីលដើម្បីឆ្លើយតបទៅនឹងឥរិយាបថរបស់ប្រទេសកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលរំលងពីលើប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៥ ខែតុលានេះ។ គួររម្លឹកថា កាលពីថ្ងៃអង្គារ ទី៤ ខែតុលាម្សិលមិញនេះ ទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលផ្លោងដែលអាចបាញ់បានក្នុងរយៈចម្ងាយឆ្ងាយមួយគ្រាប់រំលងពីលើប្រទេសជប៉ុន ដែលធ្វើឲ្យប្រទេសជប៉ុនមានការភ័យខ្លាចយ៉ាងខ្លាំង ហើយជប៉ុនក៏បានទាញសញ្ញាអាសន្នជាបន្ទាន់ទៀតផង។ យ៉ាងណាក្តី មីស៊ីលដែលទីក្រុងព្យុងយ៉ាងបានបាញ់រំលងទឹកដីជប៉ុននោះបានធ្លាក់ចូលទៅក្នុងសមុទ្រដោយមិនបានបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សជាតិនោះទេ។

គួរបញ្ជាក់ថា ការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងកាលពីម្សិលមិញនេះគឺជាបាញ់មីស៊ីលដ៏គួរឲ្យព្រួយបារម្ភមួយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដ្បិតមីស៊ីលបានហោះរំលងដែលដីនៃប្រទេសមួយ ហើយប្រសិនបើមីស៊ីលបានធ្លាក់នៅលើតំបន់ដែលមានមនុស្សរស់នៅនោះគឺវានឹងបង្កគ្រោះថ្នាក់យ៉ាងធំធេងបំផុត។ ឆ្លើយតបនឹងសកម្មភាពដ៏គឃ្លើនរបស់ទីក្រុងព្យុងយ៉ាងខាងលើនេះ យោធាកូរ៉េខាងត្បូងនិងយោធាអាមេរិកនៅថ្ងៃទី ៥ ខែតុលានេះបានសម្រេចធ្វើសមយុទ្ធរួមគ្នាដោយ មានទាំងការចល័ចយន្តហោះចម្បាំង និងការបាញ់មីស៊ីលទៅកាន់តំបន់សមុទ្រលឿងផងដែរ។ ទន្ទឹមគ្នានេះអាមេរិកនិងកូរ៉េខាងត្បូងបានរិះគន់និងថ្កោលទោសចំពោះកូរ៉េខាងជើងយ៉ាងខ្លាំងនិងបានចោទថា ទីក្រុងព្យុងយ៉ាងមានចេតនាបង្កបញ្ហាដល់ពិភពលោកនិងបានចាត់ទុកថា ការបាញ់សាកល្បងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងនៅពេលនេះគឺជា “សកម្មភាពដ៏គ្រោះថ្នាក់និងគ្មានការប្រុងប្រយ័ត្នទាល់តែសោះ”៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






