អន្តរជាតិ

បំណុលជាតិអាមេរិកកើនឡើងលើសពីចំនួន ៣១លានលានដុល្លារជាលើកដំបូង

BY
Pheakdey
October 5, 2022

អាមេរិក៖ បំណុលជាតិសរុបរបស់អាមេរិកបានកើនឡើងលើសពីចំនួន ៣១ លានលានដុល្លារជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី៥ ខែតុលានេះ។ គួរបញ្ជាក់ថា តួលេខបំណុលខាងលើនេះគឺជាទិន្នន័យនៅក្នុងរបាយការណ៍ការហិរញ្ញវត្ថុមួយ ដែលត្រូវបានចេញផ្សាយដោយនាយកដ្ឋានរតនាគារអាមេរិកកាលពីយប់ថ្ងៃអង្គារ ទី៤ ខែតុលាម្សិលមិញនេះ ខណៈរបាយការណ៍មួយនេះបានគេចាត់ទុកថា ជារបាយការណ៍ហិរញ្ញវត្ថុដ៏អាក្រក់មួយសម្រាប់សហរដ្ឋអាមេរិកផងដែក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី ១នៅលើពិភពលោក។

ប្រភពខាងលើបានបន្តថា មានហេតុផលសំខាន់មួយចំនួនដែលរុញឲ្យបំណុលជាតិអាមេរិកកើនឡើងខ្ពស់ដូចនេះ ដូចជាការការខ្ចីប្រាក់សម្រាប់យកមកប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ និងគោលនយោបាយកាត់បន្ថយពន្ធផ្នែកហរិញ្ញវត្ថុមួយចំនួន ដែលរដ្ឋាភិបាលអាមេរិកបានដាក់ចេញនាពេលកន្លងមកក្នុងគោលបំណងជួយលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋទូទៅដើម្បីឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចសាកល។ បើតាមលោក Michael Peterson នាយកប្រតិបត្តិនៃមូលនិធិ Peter G. Peterson បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា បញ្ហាខាងលើនេះគឺជារឿងដ៏គួរឲ្យព្រួយបារម្ភមួយ ដ្បិតវាបានកើតឡើងនៅក្នុងអំឡុងពេលដែលពិភពលោកកំពុងមានបញ្ហាសេដ្ឋកិច្ចក្នុងកម្រិតដ៏ខ្ពស់មួយ និងស្របពេលដែលពលរដ្ឋអាមេរិកជាច្រើនកំពុងគ្មានការងារធ្វើ។ នាយកប្រតិបត្តិរូបនេះបានបន្តថា ភ្លាមៗក្រោយរបាយការណ៍ហិរញ្ញវត្ថុស្តីបញ្ហាបំណុលខាងលើនេះត្រូវបានចេញផ្សាយជាសាធារណៈ មានពលរដ្ឋអាមេរិកជាច្រើនបានសម្តែងនូវការមិនពេញចិត្តនោះទេ ព្រោះបញ្ហានេះគឺជាបញ្ហាដែលពលរដ្ឋគ្រប់រូបត្រូវរួមចំណែកគ្នាដោះស្រាយក្នុងរយៈពេលវែង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

 

Share This Post: