ការប្រគំតន្ត្រីមួយនៅថៃនៅតែបន្តរៀបចំឡើង បើទោះទឹកលិចជុំវិញឆាកអស់ក៏ដោយ ខណៈអ្នកគាំទ្រសុខចិត្តជិះទូកទៅមើល idol ច្រៀង (មានវីដេអូ)
- BY
- Pheakdey
- October 6, 2022
ថៃ៖ ការប្រគំតន្រ្តីមួយនៅតែបន្តរៀបចំឡើងយ៉ាងសប្បាយរីករាយបើទោះជាទឹកបានលិចជុំវិញឆាកអស់ទៅហើយក៏ដោយ ខណៈមានអ្នកគាំទ្រមួយចំនួនបានជិះទូកទៅដល់មុខឆាកតែម្តងដើម្បីបានជួបនិងជូនអំណោយដល់ក្រុមតារាចម្រៀងដែលជា Idol នៅក្នុងដួងចិត្តរបស់ពួកគាត់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger កាលពីថ្ងៃពុធ ទី៥ ខែតុលានេះបានឲ្យដឹងថា ការប្រគំតន្ត្រីដ៏កម្រនេះត្រូវបានរៀបចំឡើងនៅក្នុងខេត្ត Pathum Thani ដែលជាខេត្តនៅជាប់នឹងក្រុងបាកកក ប្រទេសថៃ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ។

ប្រភពខាងលើបានបន្តថា ការប្រគំតន្ត្រីមួយនេះត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយក្រុមហ៊ុន Moo ដែលក្រុមហ៊ុនលក់ផលិតផលអំពូលភ្លើងនិងឧបករណ៍បំពងសំឡេងដ៏ធំនៅក្នុងប្រទេសថៃ ខណៈឆាកតន្ត្រីមួយនេះត្រូវបានរៀបចំឡើងដោយមានកម្មវិធីអមជាច្រើនបន្ថែមទៀត ដែលខាងក្រុមហ៊ុនត្រូវចំណាយប្រាក់ក្នុងចំនួនដ៏ច្រើនមួយ។ មុនពេលសម្រេចរៀបចំកម្មវិធីនេះឡើងគឺអាកាសធាតុមានលក្ខណៈអំណោយផលជាធម្មតា តែមុនពេលប្រគំតន្ត្រីបន្តិចស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងនិងបានបង្កឲ្យមានទឹកជន់លិចនៅជុំវិញឆាកតន្ត្រីផងដែរ។ យ៉ាងណាក្តី អ្នកគ្រប់គ្រងកម្មវិធីមិនបានលុបចោលការប្រគំតន្ត្រីឡើយ ខណៈអ្នកគាំទ្រមួយចំនួនក៏មិនបានដើរចេញពីឆាកតន្ត្រីដែរ ដោយពួកគាត់នៅបន្តទស្សនាយ៉ាងរីករាយ និងថែមទាំងសុខចិត្តជិះទូកដើម្បីទៅជួបនិងជូនអំណោយដល់ក្រុមតារាចម្រៀងទៀតផង៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger
- Share This Post:






