អន្តរជាតិ

ធនាគារពិភពលោក៖ បញ្ហាទឹកជំនន់នឹងរុញឲ្យពលរដ្ឋប៉ាគីស្ថាន ៩លាននាក់ធ្លាក់ចូលទៅក្នុងភាពក្រីក្រ

BY
Pheakdey
October 7, 2022

ប៉ាគីស្ថាន៖ បញ្ហាទឹកជំនន់នឹងរុញឲ្យពលរដ្ឋប៉ាគីស្ថានចន្លោះពី ៦ ទៅ ៩លាននាក់ធ្លាក់ចូលទៅក្នុងភាពក្រីក្រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Straits Times នៅព្រឹកថ្ងៃសុក្រ ទី៧ ខែតុលានេះ។ ការព្យាករណ៍ខាងលើនេះគឺត្រូវបានដោយធនាគារពិភពលោក ដែលបានសិក្សាយ៉ាងស៊ីជម្រៅអំពីស្ថានភាពទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាននិងប៉ះពាល់ក្នុងវិស័យសេដ្ឋកិច្ចទាំងក្នុងរយៈពេលខ្លីនិងក្នុងរយៈពេលវែង។ នៅក្នុងរបាយការណ៍របស់ធនាគារពិភពលោកដដែលនោះក៏បានបញ្ជាក់ផងដែរថា បញ្ហាទឹកជំនន់នឹងធ្វើឲ្យអត្រានៃភាពក្រីក្រនៅក្នុងប្រទេសប៉ាគឺស្ថានត្រូវកើតឡើងចន្លោះពី ២,៥% ទៅដល់ ៤%។

គួរបញ្ជាក់ជូនថា បច្ចុប្បន្ននេះប៉ាគីស្ថានមានពលរដ្ឋសរុបប្រមាណជា ២២០លាននាក់ ហើយក្នុងនោះមានពលរដ្ឋចំនួន ២០% បានរស់នៅក្រោមបន្ទាត់នៃភាពក្រីក្ររួចទៅហើយ បើទោះជាមិនទាន់មានបញ្ហាទឹកជំនន់ក៏ដោយ។ យ៉ាង​ណាក្តី ទឹកជំនន់ដ៏ធំមិនធ្លាប់មានកាលពីពេលថ្មីៗនេះបានបង្កើតសម្ពាធយ៉ាងខ្លាំងបន្ថែមទៀតចំពោះសេដ្ឋកិច្ចប៉ាគីស្ថាន ដ្បិតទឹកជំនន់បានបំផ្លាញផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ រោងចក្រ ផ្ទះសម្បែង ផលដំណាំរបស់ប្រជាកសិករអស់យ៉ាងច្រើន ខណៈពលរដ្ឋមួយចំនួនត្រូវបាត់បង់ការងារ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះទឹកជំនន់បានឆក់យកជីវិតពលរដ្ឋប៉ាគីស្ថានអស់ចំនួនជាង ១,៧០០នាក់ ពលរដ្ឋជាង ៨លានបានធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែង ហើយទឹកជំនន់បានបង្កការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាង ៣៣លាននាក់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Straits Times

Share This Post: