ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងបានរិះគន់អាកាសចរណ៍ស៊ីវិលអន្តរជាតិ ហើយថាការបង្ហោះមីស៊ីលកន្លងមក គឺជាសកម្មភាពការពារខ្លួន

    BY Khmernote Media October 8, 2022
    កូរ៉េខាងជើងបានរិះគន់អាកាសចរណ៍ស៊ីវិលអន្តរជាតិ ហើយថាការបង្ហោះមីស៊ីលកន្លងមក គឺជាសកម្មភាពការពារខ្លួន

    ប្រទេសកូរ៉េខាងជើងបានរិះគន់អាកាសចរណ៍ស៊ីវិលរបស់អង្គការសហប្រជាជាតិ ចំពោះការអនុម័តថ្កោលទោសលើការសាកល្បងមីស៊ីលផ្លោងរបស់ខ្លួន។ ប្រទេសកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍មួយ តាមរយៈអ្នកនាំពាក្យរដ្ឋបាលអាកាសចរណ៍របស់ខ្លួននៅថ្ងៃសៅរ៍នេះ ដោយប្រកាន់លើជំហររបស់ខ្លួន ហើយថា សកម្មភាពបាញ់មីស៊ីលរបស់ខ្លួន គឺជាសកម្មភាពទៀងទាត់ និងការពារខ្លួន។ ខ្លួនបានអះអាងថា កាបាញ់មីស៊ីលទាំងនោះគឺ «សម្រាប់ការពារសន្តិសុខរបស់ប្រទេស និងសន្តិភាពក្នុងតំបន់ ពីការគម្រាមកំហែងដោយយោធាផ្ទាល់របស់សហរដ្ឋអាមេរិក ដែលបានអូសបន្លាយជាងកន្លះសតវត្សមកហើយ»។

    អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ឬ ICAO ដែលកំណត់ច្បាប់សម្រាប់យន្តហោះស៊ីវិល បានថ្កោលទោសកូរ៉េខាងជើងចំពោះការបង្កហានិភ័យសុវត្ថិភាពធ្ងន់ធ្ងរ ដល់អាកាសចរណ៍ស៊ីវិលអន្តរជាតិ។ យ៉ាងណា ប្រទេសកូរ៉េខាងជើងបានចោទប្រកាន់ ICAO ថាមិនមានជំហរត្រឹមត្រូវនោះទេ។ ផ្ទុយទៅវិញខ្លួនបាននិយាយថា ទីភ្នាក់ងារនេះជំនួសឱ្យ «កងកម្លាំងអរិភាព» ដូចជាសហរដ្ឋអាមេរិក ដែលខ្លួនបានអះអាងថា បានដាក់សម្ពាធនយោបាយលើប្រទេសជាសមាជិក។ វាបានបន្តថ្កោលទោសយ៉ាងដាច់អហង្ការ និងច្រានចោលគោលជំហររបស់ទីភ្នាក់ងារនេះថា «ជាការបង្ករឿងនយោបាយរបស់សហរដ្ឋអាមេរិក និងកងកម្លាំងមាតុភូមិរបស់ខ្លួន ក្នុងគោលបំណងរំលោភលើអធិបតេយ្យភាព» របស់ប្រទេសកូរ៉េខាងជើង៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: