ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រួសារជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារនៅមណ្ឌលថែទាំកុមារថៃនឹងទទួលបានប្រាក់សំណងជាង ១សែនបាត

    BY Khmernote Media October 8, 2022
    គ្រួសារជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារនៅមណ្ឌលថែទាំកុមារថៃនឹងទទួលបានប្រាក់សំណងជាង ១សែនបាត

    ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅថ្ងៃសុក្រ​ ទី៧ ខែតុលានេះបានឲ្យដឹងថា ក្រុមគ្រួសាររបស់ជនរងគ្រោះក្នុងហេតុការណ៍បាញ់សម្លាប់យ៉ាងរង្គាលនៅមណ្ឌលថែទាំកុមារថៃនៅក្នុងប្រទេសនឹងទទួលបានប្រាក់សំណងជាង ១សែនបាត (២,៦៦០ ដុល្លារអាមេរិក) ពីអាជ្ញាធរថៃ។ បើតាមនាយកដ្ឋានការពារសិទ្ធិនិងសេរីភាពជនរងគ្រោះនៃក្រសួងយុត្តិធម៌ថាបានបញ្ជាក់ថា ប្រាក់សំណងនោះនឹងត្រូវបែងចែកជាកញ្ចប់តូចៗមួយចំនួនដូចជា គ្រួសារដែលមានជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិតនឹងទទួលបានប្រាក់សំណងចំនួន ៥០,០០០បាត (១,៣៣០ ដុល្លារអាមេរិក) ប្រាក់ចំនួន ២០,០០០បាត (៥៣២ ដុល្លារអាមេរិក) សម្រាប់រៀបចំបុណ្យសព និងប្រាក់បន្ថែមចំនួន ៤០,០០០បាត (១,០៦៥ ដុល្លារអាមេរិក) សម្រាប់ការចំណាយផ្សេងៗ។

    ដោយឡែកសម្រាប់គ្រួសារដែលមានអ្នករងរបួសម្នាក់នឹងទទួលបានប្រាក់សំណងចំនួន ៤០,០០០បាត (១,០៦៥ ដុល្លារអាមេរិក) សម្រាប់ព្យាលបាលជំងឺ ប្រាក់ចំនួន២០,០០០បាត (៥៣២ ដុល្លារអាមេរិក) សម្រាប់ការស្តារនីតិសម្បទា និងអាចទទួលបានប្រាក់បន្ថែមសម្រាប់ការចំណាយជាក់ស្តែងរហូតដល់ ៥០,០០០បាត (១,៣៣០ ដុល្លារអាមេរិក) ផងដែរ បើសិនមានករណីចាំបាច់ណាមួយ។ គួររម្លឹកថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះមានហេតុការ​ណ៍បាញ់ប្រហារមួយបានកើតឡើងនៅមណ្ឌលថែទាំកុមារមួយកន្លែងក្នុងខេត្ត​ Nong Bua Lamphu ភាគខាងជើងប្រទេសថៃ ដែលបានបង្កឡើយដោយបុរសម្នាក់ឈ្មោះ Panya Khamrab អាយុ ៣៤ឆ្នាំម្នាក់ ហើយនៅក្នុងហេតុការដ៏កម្រនេះបានបណ្តាលឲ្យមានមនុស្សស្លាប់រហូត​ដល់ ៣៧នាក់ ហើយក្នុងនោះមានជនរងគ្រោះចំនួន ២៣នាក់ជាកូនក្មេងដែលមានអាយុត្រឹម ២-៣ឆ្នាំប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Thaiger

     

    Share This Post: