ស្ពានគ្រីមៀភ្ជាប់ទៅប្រទេសរុស្ស៊ី មានការបំផ្ទុះមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ប៉ុន្តែមិនមានអ្នករងរបួសនោះទេ
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ការផ្ទុះមួយបានវាយប្រហារលើស្ពាននៅតំបន់គ្រីមៀ ដែលបណ្តាលឱ្យមានភ្លើងឆាបឆេះឡើង ហើយស្ពានមួយនោះ គឺជាស្ពានតែមួយគត់ភ្ជាប់តំបន់ទៅប្រទេសរុស្ស៊ី។ RIA បានដកស្រង់សម្តីមន្ត្រីក្នុងតំបន់ ដោយបាននិយាយថា «យោងតាមព័ត៌មានបឋម ធុងសាំងមួយបានឆេះនៅលើផ្នែកមួយនៃស្ពានគ្រីមៀនោះ ខណៈកំណាត់ដឹកជញ្ជូនមិនត្រូវបានខូចខាតទេ»។ របាយការណ៍បាននិយាយថា៖ «ការបាក់មួយក៏បានធ្វើឱ្យរថយន្ត ២គ្រឿងប៉ះគ្នា។ ក្នុងហេតុការណ៍នោះមិនមាននរណាម្នាក់រងរបួសនោះទេ»។

យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្កើតគណៈកម្មការរដ្ឋាភិបាលមួយ ពាក់ព័ន្ធនឹងការសង្គ្រោះបន្ទាន់នៅលើស្ពាន។ បច្ចុប្បន្ន មិនទាន់មានការឆ្លើយតបជាផ្លូវការពីភាគីអ៊ុយក្រែននៅឡើយទេ។ លោក Mykhailo Podolyak ទីប្រឹក្សានយោបាយរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានសរសេរនៅលើ Twitter កាលពីថ្ងៃសៅរ៍ថា «ស្ពានគ្រីមៀ គឺជាការចាប់ផ្តើម។ អ្វីគ្រប់យ៉ាងដែលខុសច្បាប់ត្រូវតែត្រូវបានបំផ្លាញ អ្វីគ្រប់យ៉ាងដែលត្រូវបានលួចត្រូវតែប្រគល់ឱ្យអ៊ុយក្រែនវិញ អ្វីគ្រប់យ៉ាងដែលកាន់កាប់ដោយរុស្ស៊ីត្រូវតែត្រូវបានបណ្តេញចេញ»៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN