អ្នកកាសែត CNN ទាំងពីររូប បានធ្វើការសុំទោសចំពោះកំហុសរបស់ខ្លួន ដែលបានចូលទៅថតរូបដល់ក្នុងមជ្ឈមណ្ឌលថែទាំកុមារ ដោយគ្មានការអនុញ្ញាត
ទូរទស្សន៍ CNN បានលុបចោលវីដេអូស្តីពីការសម្លាប់រង្គាលនៅមណ្ឌលថែទាំកុមារ ហើយបានធ្វើការសុំទោសកាលពីថ្ងៃអាទិត្យ ជុំវិញការរិះគន់ថា អ្នកកាសែតរបស់ខ្លួនបានចូលទៅទីតាំងឧក្រិដ្ឋកម្ម និងថតយករូបភាពដោយគ្មានការអនុញ្ញាត។ បើយោងទៅតាមលោក Surachat Hakparn អគ្គស្នងការរងនគរបាលជាតិថៃបានឱ្យដឹងថា អ្នកកាសែត CNN ទាំង ២ នាក់ ត្រូវបានផាកពិន័យ បន្ទាប់ពីអាជ្ញាធររកឃើញថា ពួកគេបានធ្វើការក្នុងប្រទេសថៃ ដោយប្រើទិដ្ឋាការទេសចរណ៍ ហើយបានចូលទៅទីតាំងកើតហេតុ ដើម្បីថតយកទិដ្ឋភាពនៅទីនោះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei ។

គេជឿថា អ្នកកាសែតទាំង ២នាក់ បានទទួលការអនុញ្ញាតឱ្យចូល និងថតយកទិដ្ឋភាព បន្ទាប់ពីត្រូវបានអនុញ្ញាឱ្យចូលដោយអ្នកស្ម័គ្រចិត្ត ឬមន្ត្រីសុខាភិបាល ហើយពួកគេមិនដឹងថា អ្នកនោះមិនមែនជាសមត្ថកិច្ច ដែលមានសិទ្ធឱ្យអ្នកកាសែតទាំង ២ ចូលទៅបាននោះទេ។ លោក Surachat Hakparn បាននិយាយថា ពួកគេម្នាក់ៗបានយល់ព្រមបង់ប្រាក់ពិន័យចំនួន ៥,០០០ បាត (១៣៣ ដុល្លារ) ហើយចាកចេញពីប្រទេសថៃ។ ជាមួយគ្នានេះដែរ អ្នកកាសែតទាំង ២នាក់ ក៏ដូចជាអនុប្រធានប្រតិបត្តិ និងអ្នកគ្រប់គ្រងទូទៅរបស់ CNN International លោក Mike McCarthy សុទ្ធតែបានធ្វើការសុំទោស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Mike McCarthy បាននិយាយថា ក្រុមអ្នកយកព័ត៌មានបានស្វែងរកការអនុញ្ញាតចូលទៅក្នុងអគារ ហើយក៏មានក្រុមមួយទៀត បានអនុញ្ញាតឱ្យអ្នកកាសែតរបស់ CNN ចូលទៅដែរ ប៉ុន្តែភាគីអ្នកកាសែត CNN មិនបានដឹងថា ក្រុមនោះគ្មានសិទ្ធនឹងអនុញ្ញាតឱ្យនរណាម្នាក់ចូលទៅទីតាំងកើតហេតុនោះទេ ដោយបន្ថែមថា ពួកគេមិនមានចេតនាបំពានច្បាប់ណាមួយឡើយ។ លោកបន្ថែមថា៖«យើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះទុក្ខលំបាក ឬការរំលោភបំពាន ដែលក្រុមការងាររបស់យើងអាចបង្កឡើង និងសម្រាប់ការរអាក់រអួលណាមួយចំពោះប៉ូលីស ក្នុងពេលដ៏លំបាកសម្រាប់ប្រទេសថៃ»៕

អត្ថបទ៖ លីដា
ប្រភព៖ Nikkei