រុស្ស៊ីបានទម្លាក់មីស៊ីលប៉ុន្មានគ្រាប់ទៅលើទីក្រុងគៀវ ដែលជាការឆ្លើយតបភ្លាមៗទៅនឹងការបំផ្ទុះស្ពានដែកនៅតំបន់គ្រីមៀ
រដ្ឋធានីគៀវរបស់អ៊ុយក្រែនត្រូវបានរង្គោះរង្គើដោយគ្រាប់មីស៊ីលជាបន្តបន្ទាប់នៅព្រឹកមិញនេះ ដែលជាការសងសឹករបស់លោក វ្ល៉ាឌីមៀ ពូទីន ឆ្លើយតបទៅនឹងការបំផ្ទុះនៅលើស្ពានគ្រីមៀ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail។ វាបានកើតឡើងបន្ទាប់ពីភាពស្ងប់ស្ងាត់អស់ជាច្រើនខែនៅទីក្រុងគៀវ ខណៈមីស៊ីលបានហោះរំលងពេញផ្ទៃមេឃរបស់ទីក្រុង។ អភិបាលក្រុងលោក Vitalii Klitchko បានរាយការណ៍ថា ការផ្ទុះបានកើតឡើងនៅក្នុងសង្កាត់ Shevchenko នៅកណ្តាលទីក្រុង ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរងរបួសនោះទេ។ ការវាយប្រហារនេះក៏គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះដែរ ខណៈពេលដែលលោក វ្ល៉ាឌីមៀ ពូទីន កំពុងរៀបចំអង្គប្រជុំប្រធានសន្តិសុខនៅថ្ងៃចន្ទនេះផ្ទាល់ ដើម្បីពិភាក្សាអំពីការសងសឹកពាក់ព័ន្ធនឹងការបំផ្ទុះនៅស្ពានគ្រីមៀ ហើយគាត់បានហៅវាថាជា «ការវាយប្រហារភេរវកម្ម»។

អតីតទីប្រឹក្សារបស់លោក ពូទីន គឺលោក Sergei Markov បានអំពាវនាវឱ្យសងសឹកទៅទីក្រុងគៀវភ្លាមៗ នៅមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខចាប់ផ្ដើម ខណៈជនស៊ីវិលអ៊ុយក្រែន ក៏ត្រូវបានព្រមានដោយអភិបាលរងនៃតំបន់ Stavropol ភាគខាងត្បូងនៃប្រទេសរុស្ស៊ី គឺលោក Valery Chernitsov ផងដែរ ដែលគាត់បានរំពឹងថា នឹងមានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរពីសំណាក់រុស្ស៊ី។ ក្នុងវីដេអូមួយដែលបានបង្ហោះនៅលើ Twitter លោកបាននិយាយថា៖ «ប្រជាជនអ៊ុយក្រែន អ្នកត្រូវចេញពីទីក្រុងរបស់អ្នក ជាពិសេសទីក្រុងធំៗ។ ដោយសារតែការភ្ញាក់ផ្អើលដ៏ធំមួយកំពុងរង់ចាំអ្នក។ មីស៊ីល Sarmat ត្រៀមខ្លួនរួចជាស្រេចដើម្បីវាយប្រហារអ្នក»។ ជាក់ស្ដែងកន្លងមកក៏មានការភ័យខ្លាចយ៉ាងខ្លាំងផងដែរ ដែលថាប្រទេសរុស្ស៊ីកំពុងចាប់ផ្ដើមសាកល្បងនុយក្លេអ៊ែររបស់ខ្លួន។
យ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានវាយបកទៅលើការអះអាងអំពីភេរវកម្មរបស់សមភាគីរបស់គាត់ ដោយគូសបញ្ជាក់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើតំបន់ Zaporizhzhia ដែលគាត់បាននិយាយថា វាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៣ នាក់ ក្នុងសប្តាហ៍នេះតែមួយ៕




មីស៊ីល RS-28 Sarmat ឬ Satan II


ការបំផ្ទុះនៅស្ពានគ្រីមៀដែលបណ្ដាលឱ្យមានអគ្គិភ័យយ៉ាងសន្ធោសន្ធៅ
អត្ថបទ៖ លីដា
ប្រភព៖ Daily Mail